អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ នយោបាយឈ្នះឈ្នះមានគន្លឹះសំខាន់៣យ៉ាងដែលជាស្នូលនៃដំណោះស្រាយ
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ប្រទេសកម្ពុជាឈានចូលក្នុងរបត់ប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលត្រូវកត់ត្រាទុកក្នុងក្រាំងមាសរបស់ខ្លួន នោះគឺសន្តិភាពពេញលេញទូទាំងប្រទេស ដែលជាទ្រព្យព្រេងទ្រព្យសំណាងដ៏កម្រ និងមានតម្លៃបំផុតត្រូវបានរកឃើញដោយសម្តេចតេជោ ហ៊ុន សែន តាមរយៈនយោបាយឈ្នះឈ្នះ ដោយគ្មានការបង្ហូរឈាមសូម្បីមួយដំណក់។
អ្នកនាំពាក្យ បានបញ្ជាក់ទៀតថា នយោបាយឈ្នះ ឈ្នះ មានគន្លឹះសំខាន់៣យ៉ាង ដែលជាស្នូលនៃដំណោះស្រាយ នោះគឺ៖ ការធានាអាយុជីវិតនិងរាងកាយ ការធានាអាជីពនិងមុខរបរ និងការធានាទ្រព្យសម្បត្តិ និងកម្មសិទ្ធិឯកជន។ រូបមន្តដ៏ស័ក្តិសិទ្ធិនេះផ្សំឡើងដោយស្នាដៃសម្តេចតេជោ ហ៊ុន សែន។
សន្តិភាពបានប្រែក្លាយតំបន់អតីតសមរភូមិទៅជាទីផ្សារ និងតំបន់អភិវឌ្ឍន៍ ប្រែក្លាយចម្ការមីនទៅជាចម្ការដំណាំ និងប្រែក្លាយការបែកបាក់ជាតិទៅជាការរួបរួមខ្មែរតែមួយក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ សន្តិភាពបានក្លាយជាចលករជំរុញល្បឿននៃការអភិវឌ្ឍន៍ឱ្យដើរលឿនស្លេវទៅមុខ។ សមិទ្ធផលទាំងឡាយដែលលេចឡើងចំពោះមុខយើងទាំងអស់ សុទ្ធសឹងជាផ្លែផ្កានៃសុខសន្តិភាពដែលជាស្នាដៃឯករបស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពរបស់កម្ពុជា។
ឯកឧត្តម ប៉ែន បូណា បានបន្តទៀតថា រាជរដ្ឋាភិបាលបន្តវេនអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកធានាថែរក្សាការពារសមិទ្ធផលទាំងអស់ឱ្យបានគង់វង្ស ស្ថិតស្ថេរ ចីរកាល និងបន្តអភិវឌ្ឍន៍ប្រទេសនៅលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ សមិទ្ធផលជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន និងចក្ខុវិស័យច្បាស់លាស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាសរសរស្តម្ភពីរដែលនាំកម្ពុជា និងប្រជាពលរដ្ឋខ្មែរទៅរកភាពរុងរឿង សម្បូរសប្បាយ ប្រកបដោយកិត្យានុភាព និងមោទនភាពជាតិខ្មែរ៕
ដោយ៖ពលជ័យ