ម្ចាស់រថយន្ត Hummer នៅតែបន្តលាក់ខ្លួន ក្រោយបុកមនុស្សស្លាប់ (Video Inside)

ម្ចាស់រថយន្ត Hummer ដែលបុកមនុស្សមួយគ្រួសារជិះម៉ូតូបណ្តាលឱ្យម្តាយ និងកូនប្រុស២ ឆ្នាំបានបាត់បង់ជីវិតនោះ នៅតែមិនទាន់ចេញមុខសារភាពទោសកំហុស ខណៈដែលអាជ្ញាធរបញ្ជាក់ថា គេកំពុងស្វែងរកដើម្បីការឃាត់ខ្លួន។

រថយន្ត Hummer បើកបរដោយមនុស្សដែលគេមិនទាន់បញ្ចេញអត្តសញ្ញាណបានបើកបុកអ្នក ដំណើរបីនាក់ជាប្តីប្រពន្ធ និងកូនតូច ក្នុងពេលពួកគេទាំងបីកំពុងជិះលើម៉ូតូមួយ នាវេលាយប់អាធ្រាត្រឈានចូលថ្ងៃទី២៥ធ្នូ នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ក្នុងហេតុការណ៍នោះ ប្រពន្ធអាយុ២០ឆ្នាំ និងកូនប្រុសដ៏តូចរបស់នាង បានបាត់បង់ជីវិត…ចំណែកបុរសជាប្តីបានរងរបួសធ្ងន់ធ្ងរ និងត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត។ ក្រោយការបុករយៈពេល២ថ្ងៃរួចមកនោះ សមត្ថកិច្ចបានរកឃើញរថយន្តនោះហើយ ប៉ុន្តែម្ចាស់រថយន្តនោះ នៅតែស្ថិតក្នុងសភាពលាក់ខ្លួនជាដដែល។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីលោកវរសេនីយ៍ឯក សំ វិច្ឆិកា បានថ្លែងបញ្ជាក់ប្រាប់អប្សរាណិតយ៉ាងនេះ (សម្លេងវិច្ឆិកា)។

អំពើបុកហើយរត់ ត្រូវគេឃើញថាតែងកើតឡើងជារឿយៗ។ ប៉ុន្តែក្នុងសម័យដែលមានដាក់ប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាពបំពាក់នៅតាមទីសាធារណៈគ្រប់កន្លែងនាបច្ចុប្បន្ននេះ ជនសង្ស័យត្រូវគេនិយាយថា កម្រនឹងអាចគេចរួចពីការតាមចាប់ខ្លួន របស់សមត្ថកិច្ចណាស់។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក្នុងប្រសាសន៍ថ្លែងនៅថ្ងៃទី២៥ធ្នូកន្លងមកនេះថា អំពើ «បុកហើយរត់» គឺជាអំពើខុសច្បាប់ និងអ្នកណាដែលចង់គេចវេស នឹងមិនមានកន្លែងណា ដែលអ្នកខុសច្បាប់នោះ អាចគេចរួចពីសំណាញ់ច្បាប់ឡើយ ប្រសិនណាបើមិនចូលមកសារភាពកំហុសនោះទេ។

ads banner