គណបក្សនគរប្រជាធិបតេយ្យ គាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា»

គណបក្សនគរប្រជាធិបតេយ្យ បានធ្វើញ្ញត្តិការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា»។

គណបក្សនគរប្រជាធិបតេយ្យ បានបន្តថាកម្ពុជាជាប្រទេសមួយដែលរងនូវសោកនាដកម្មយ៉ាងខ្លោចផ្សាជាទីបំផុត ដោយសារតែភ្លើងសង្គ្រាម។ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក បានធ្វើឱ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាមរកឃើញសុខសន្តិភាព ជាពិសេសបានបិទបញ្ចប់ទំព័រខ្មៅងងឹតែនការបែកបាក់ជាតិ ដោយផ្តើមពីសុខសន្តិភាព និងការឯកភាពជាតិទាំងស្រុងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាបុព្វហេតុដ៏ធំធេងនាំឱ្យកម្ពុជា សម្រេចបាននូវការកសាងជាតិឱ្យរីកចម្រើន ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុភមង្គល ដូចពេលបច្ចុប្បន្ននេះ។

គណបក្សនគរប្រជាធិបតេយ្យ បន្តទៀតថា ការកំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា» ជាការសម្តែងនូវកត្តញ្ញូធម៌រលឹកដឹងគុណសម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក ព្រមទាំងប្រតិបត្តិករទាំងអស់ ដែលបានប្រឹងប្រែងនាំ មកនូវសុខសន្តិភាពសម្រាប់ជាតិកម្ពុជា។ កាន់តែសំខាន់ថែមទៀតនោះ គឺជាការក្រើនរំលឹកដល់ខ្មែរជំនាន់ក្រោយឱ្យមានស្មារតីរលឹកដល់ទុក្ខវេទនារបស់ខ្មែរ បណ្តាលមកពីភ្លើងសង្គ្រាម និងការបែកបាក់ជាតិពីអតីតកាល។ ជាពិសេស បានបំផុសស្មារតីខ្មែរជំនាន់ក្រោយឱ្យជ្រួលជ្រាបពីគុណតម្លៃនៃសុខសន្តិភាព ហើយត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខ សន្តិភាព ដោយមិនត្រូវឱ្យបាត់បង់ពីជាតិកម្ពុជាជាដាច់ខាត។

គណបក្សនគរបជាធិបតេយ្យ បានសម្ដែងនូវការគាំទ្រ និងកោតសរសើរចំពោះការប្រកាសកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាគំនិតប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់បំផុត និងប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ជាឧត្តមប្រយោជន៍របស់ជាតិមាតុភូមិ៕

ads banner