គណបក្សធម្មាធិបតេយ្យ គាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ដែលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ “ជាទិវាសន្តិភាពនៅកម្ពុជា»
គណបក្សធម្មាធិបតេយ្យ បានធ្វើញ្ញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ “ជាទិវាសន្តិភាពនៅកម្ពុជា»។
គណបក្សធម្មាធិបតេយ្យ បានបន្តថា កម្ពុជាជាប្រទេសរងនូវសោកនាដកម្មយ៉ាងខ្លោចផ្សាជាទីបំផុតដោយភ្លើងសង្គ្រាម។ ផ្តើមពីនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក បានធ្វើឱ្យកម្ពុជាបញ្ចប់ភ្លើងសង្គ្រាម ទទួលបានសុខសន្តិភាព និងការឯកភាពជាតិទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាបុព្វហេតុដ៏ធំធេងនាំឱ្យកម្ពុជាសម្រេចបាននូវការកសាងជាតិឱ្យរីកចម្រើន ប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា សុភមង្គល រហូតមកទល់បច្ចុប្បន្ននេះ។
គណបក្សធម្មាធិបតេយ្យ បានបន្តទៀតថា ដើម្បីជំរុញការអនុវត្តនយោបាយបង្រួបបង្រួមជាតិឲ្យកាន់តែរឹងមាំ គណបក្សធម្មាធិបតេយ្យ សូមចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សំដៅធានាឱ្យភាពសុខសាន្ត និងការអភិវឌ្ឍប្រទេសយូរអង្វែង ដែលមានកិច្ចសហប្រតិបត្តិការល្អ ជាសម្ព័ន្ធភាពនយោបាយ និងប្តេជ្ញាមិនឱ្យក្រុមជ្រុលនិយម ទាំងក្នុងប្រទេស និងក្រៅប្រទេស មកបំផ្លាញសន្តិភាពនៅកម្ពុជាបានជាដាច់ខាត។
គណបក្សធម្មាធិបតេយ្យ បានគាំទ្រចំពោះគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ “ជាទិវាសន្តិភាពនៅកម្ពុជា» សម្រាប់ជាឧត្តមប្រយោជន៍របស់ជាតិមាតុភូមិ៕