គណបក្សខ្មែរសាធារណរដ្ឋ គាំទ្រប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត កំណត់យកថ្ងៃទី២៩ ខែធ្នូ “ជាទិវាសន្តិភាពនៅកម្ពុជា”

គណបក្សខ្មែរសាធារណរដ្ឋ បានធ្វើញ្ញត្តិសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំណត់យកថ្ងៃទី២៩ ខែធ្នូ “ជាទិវាសន្តិភាពនៅកម្ពុជា”។

កម្ពុជាជាប្រទេសមួយដែលរងនូវសោកនាដកម្មយ៉ាងខ្លោចផ្សាជាទីបំផុត ដោយសារតែភ្លើងសង្គ្រាម។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក បានធ្វើឱ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាម រកឃើញសុខសន្តិភាព ជាពិសេសបានបិទបញ្ចប់ទំព័រប្រវត្តិសាស្ត្រ នៃការបែកបាក់ជាតិដោយផ្តើមពីសុខសន្តិភាព និងការឯកភាពជាតិទាំងស្រុងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាបុព្វហេតុដ៏ធំធេងនាំឱ្យកម្ពុជាសម្រេចបាននូវការកសាងជាតិឱ្យរីកចម្រើន ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុភមង្គល ដូចពេលបច្ចុប្បន្ននេះ។ ការកំណត់យកថ្ងៃទី២៩ ខែធ្នូ “ជាទិវាសន្តិភាពនៅកម្ពុជា” ជាការសម្តែងនូវកត្តញ្ញូធម៌រលឹកដឹងគុណសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក ព្រមទាំងប្រតិបត្តិករទាំងអស់ ដែលបានប្រឹងប្រែងនាំមកនូវសុខសន្តិភាពសម្រាប់ជាតិកម្ពុជា។ កាន់តែសំខាន់ថែមទៀតនោះ គឺជាការក្រើនរំលឹកដល់ខ្មែរជំនាន់ក្រោយឱ្យមានស្មារតីរលឹកដល់ទុក្ខវេទនារបស់ខ្មែរ បណ្ដាលមកពីភ្លើងសង្គ្រាម និងការបែកបាក់ជាតិពីអតីតកាល។ ជាពិសេស បានបំផុសស្មារតីខ្មែរជំនាន់ក្រោយ ឱ្យជ្រួលជ្រាបពីគុណតម្លៃនៃសុខសន្តិភាព ហើយត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដោយមិនត្រូវឱ្យបាត់បង់ពីជាតិកម្ពុជាជាដាច់ខាត។

គណបក្សខ្មែរសាធារណរដ្ឋ សូមសម្ដែងនូវការគាំទ្រ និងកោតសរសើរចំពោះការប្រកាសកំណត់យកថ្ងៃទី២៩ ខែ ធ្នូ ជា “ទិវាសន្តិភាពនៅកម្ពុជា” ដែលជាគំនិតប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់បំផុត និងប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ជាឧត្តមប្រយោជន៍របស់ជាតិមាតុភូមិ៕

ads banner