គណបក្សខ្មែរតែមួយ គាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់យកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្ដិភាពនៅកម្ពុជា»
គណបក្សខ្មែរតែមួយ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំណត់យកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្ដិភាពនៅកម្ពុជា»។ នេះបើយោងតាមញ្ញត្តិគាំទ្រនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣។
គណបក្សខ្មែរតែមួយ បានបន្តថា ការប្រកាសកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា “ទិវាសន្តិភាពនៅកម្ពុជា» ជាគំនិតប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់បំផុត និងប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ជាឧត្តមប្រយោជន៍របស់ជាតិមាតុភូមិ។ កម្ពុជាជាប្រទេសរងនូវសោនាដកម្មយ៉ាងខ្លោចផ្សារជាទីបំផុតដោយសារតែភ្លើងសង្គ្រាម។ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក បានធ្វើឱ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាម រកឃើញសុខសន្តិភាព ជាពិសេសបានបិទបញ្ចប់ទំព័រខ្មៅងងឹតនៃការបែកបាក់ជាតិ ក្នុងរយៈពេលតិចបំផុត៥០០ឆ្នាំ។ ការផ្ដើមពីសុខសន្តិភាព និងការឯកភាពជាតិទាំងស្រុងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាបុព្វហេតុដ៏ធំធេងនាំឱ្យកម្ពុជាសម្រេចបាននូវការកសាងជាតិឱ្យរីកចម្រើន ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុភមង្គលដូចពេលបច្ចុប្បន្ននេះ។
គណបក្សខ្មែរតែមួយ បានបញ្ជាក់ថា ការយកថ្ងៃទី២៩ ខែធ្នូ ជា “ទិវាសន្តិភាពនៅកម្ពុជា» ជាការសម្តែងនូវកត្តញ្ញូធម៌រលឹកដឹងគុណសម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក ព្រមទាំងប្រតិបត្តិករទាំងអស់ ដែលបានប្រឹងប្រែងនាំមកនូវសុខសន្តិភាពសម្រាប់ជាតិកម្ពុជា។ កាន់តែសំខាន់ថែមទៀតនោះ ការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា “ទិវាសន្តិភាពនៅកម្ពុជា» គឺជាការក្រើនរំលឹកដល់ខ្មែរជំនាន់ក្រោយឱ្យមានស្មារតីរលឹកដល់ទុក្ខវេទនារបស់ខ្មែរ បណ្ដាលមកពីភ្លើងសង្គ្រាម និងការបែកបាក់ជាតិពីអតីតកាល។ ជាពិសេសបំផុសស្មារតីខ្មែរជំនាន់ក្រោយបានជ្រួតជ្រាបពីគុណតម្លៃនៃសុខសន្តិភាព ហើយត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដោយមិនត្រូវឱ្យបាត់បង់ពីជាតិកម្ពុជាជាដាច់ខាត៕