នាយករដ្ឋមន្រ្តីអ៊ីស្រាអែលថា សង្គ្រាមហ្គាហ្សានឹងប្រើពេលច្រើនខែ

ហ៊្សេរុយសាឡឹម៖ មេដឹកនាំអ៊ីស្រាអែលនិយាយថា សង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស នឹងមានរយៈពេលជាច្រើនខែ ហើយសន្យាជាថ្មីថា នឹងលុបបំបាត់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា។

ដោយសន្យាថា នឹងរំដោះជនជាតិអ៊ីស្រាអែលទាំងអស់ ដែលនៅជាប់ជាចំណាប់ខ្មាំងក្នុងតំបន់ហ្គាហ្សានោះ លោក ណេតាន់យ៉ាហ៊ូ បានអះអាងថា យោធាបានចូលរួមក្នុង “ការប្រយុទ្ធដ៏ស្មុគស្មាញ” ហើយត្រូវការពេលវេលាដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន។ លោក ណេតាន់យ៉ាហ៊ូ បានប្រាប់សន្និសីទសារព័ត៌មានមួយថា សង្គ្រាមនឹងបន្តជាច្រើនខែទៅមុខទៀត រហូតដល់ក្រុមហាម៉ាសត្រូវកម្ចាត់ ហើយចំណាប់ខ្មាំងក៏ត្រូវដោះលែង។

លោក ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា យើងនឹងធានាថា តំបន់ហ្គាហ្សានឹងមិនបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀតទេ។ ពួកសកម្មប្រយុទ្ធប្រហែល ៨,០០០នាក់ត្រូវបានសម្លាប់រួចហើយ នៅក្នុងយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីន។ មួយជំហានម្តងៗ ពួកយើងកំពុងកាត់ផ្តាច់កម្លាំងរបស់ពួកហាម៉ាស ហើយយើងក៏នឹងកម្ចាត់មេដឹកនាំពួកគេផងដែរ។

គួរបញ្ជាក់ថា ការវាយប្រហារទាំងផ្លូវអាកាស សមុទ្រ និងផ្លូវគោកឥតឈប់ឈររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ក្នុងការសងសឹកចំពោះការវាយលុកកាលពីថ្ងៃទី៧ ខែតុលា គិតមកទល់ពេលនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១,៦៧២នាក់ ភាគច្រើនជាស្រ្តី និងកុមារ នេះបើយោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner