សហរដ្ឋអាមេរិក និងរុស្ស៊ី ឯកភាពធ្វើការជាមួយគ្នានៅស្ថានីយអវកាសអន្តរជាតិ ISS ដល់ឆ្នាំ២០២៥
វ៉ាស៊ីនតោន៖ រុស្ស៊ី និងអាមេរិក នឹងបន្តនាំក្រុមអវកាសយានិករបស់ពួកគេ ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS រហូតដល់ឆ្នាំ២០២៥ ក្រោយមានការឯកភាពគ្នារវាងទីភ្នាក់ងារអវកាសរុស្ស៊ី និងអង្គការ NASA។
ទីភ្នាក់ងារអវកាសរុស្ស៉ី Roscosmos បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានថា រុស្ស៊ី និងសហរដ្ឋអាមេរិក នឹងបន្តការងារនាំយកក្រុមអវកាសយានិក ឡើងទៅកាន់ស្ថានីយ ISS រួមគ្នារហូតឆ្នាំ២០២៥ បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងមួយ។
កិច្ចព្រមព្រៀងរវាងរុស្ស៊ី-អាមេរិកនេះ កើតឡើងស្របពេលដែលបណ្តាដៃគូនៃកម្មវិធី ISS រួមមានសហរដ្ឋអាមេរិក រុស្ស៉ី អឺរ៉ុប កាណាដា និងជប៉ុន ប្តេជ្ញាធ្វើប្រតិបត្តិការស្ថានីយអវកាសនេះដល់ឆ្នាំ២០២៤ប៉ុណ្ណោះ ប៉ុន្តែក្រុមមន្រ្តីអាមេរិកធ្លាប់បាននិយាយថា ពួកគេចង់បន្តរហូតដល់ឆ្នាំ២០៣០។
ចំណែកកាលពីមេសាឆ្នាំនេះ រុស្ស៉ីនិយាយថា ខ្លួនក៏មានបំណងចង់ប្រើប្រាស់ស្ថានីយ ISS រហូតដល់ឆ្នាំ២០២៨ផងដែរ។
ទីភ្នាក់ងារអវកាសរុស្ស៉ី Roscosmos ការសម្រេចចិត្តរវាងរុស្ស៊ី និងអាមេរិកខាងលើ មានគោលបំណងរក្សាភាពគួរឱ្យជឿជាក់បាននៃស្ថានីយ ISS ជារួម។
ស្ថានីយអវកាសអន្តរជាតិនេះ បានចាប់ផ្តើមសាងសង់នៅឆ្នាំ១៩៩៨ ជាពេលដែលកិច្ចសហប្រតិបត្តិការអាមេរិក-រុស្ស៉ីមានការកើនឡើង ក្រោយការរត់ប្រណាំងវិស័យអវកាស អំលុងសម័យសង្រ្គាមត្រជាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា