គណបក្សខ្មែរអភិរក្ស គាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់យកថ្ងៃទី២៩ ខែធ្នូ “ជាទិវាសន្តិភាពនៅកម្ពុជា”
គណបក្សខ្មែរអភិរក្ស បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំណត់យកថ្ងៃទី២៩ ខែធ្នូ “ជាទិវាសន្តិភាពនៅកម្ពុជា”។
គណបក្សខ្មែរអភិរក្ស បន្តថា កម្ពុជាជាប្រទេសមួយដែលរងនូវសោកនាដកម្មយ៉ាងខ្លោចផ្សាជាទីបំផុត ដោយសារតែភ្លើងសង្គ្រាម។ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក បានធ្វើឱ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាម រកឃើញសុខសន្តិភាព ជាពិសេសបានបិទបញ្ចប់ទំព័រខ្មៅងងឹតនៃការបែកបាក់ជាតិ ដោយផ្តើមពី សុខសន្តិភាព និងការឯកភាពជាតិទាំងស្រុង នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាបុព្វហេតុដ៏ធំធេងនាំឱ្យកម្ពុជា សម្រេចបាននូវការកសាងជាតិឱ្យរីកចម្រើន ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុភមង្គល ដូចពេលបច្ចុប្បន្ននេះ។
គណបក្សខ្មែរអភិរក្ស បន្តទៀតថា ការកំណត់យក ថ្ងៃទី២៩ ខែធ្នូ “ជាទិវាសន្តិភាពនៅកម្ពុជា» ជាការសម្តែងនូវកត្តញ្ញូធម៌រំលឹកដឹងគុណសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក ព្រមទាំងប្រតិបត្តិករទាំងអស់ ដែលបានប្រឹងប្រែងនាំមកនូវសុខសន្តិភាពសម្រាប់ជាតិកម្ពុជា។ កាន់តែសំខាន់ថែមទៀតនោះ គឺជាការក្រើនរំលឹកដល់ខ្មែរជំនាន់ក្រោយ ឱ្យមានស្មារតីរំលឹកដល់ទុក្ខវេទនារបស់ខ្មែរ បណ្ដាលមកពីភ្លើងសង្គ្រាម និងការបែកបាក់ជាតិពីអតីតកាល។ ជាពិសេស បានបំផុសស្មារតីខ្មែរជំនាន់ក្រោយ ឱ្យជ្រួលជ្រាបពីគុណតម្លៃនៃសុខសន្តិភាព ហើយត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដោយមិនត្រូវឱ្យបាត់បង់ពីជាតិកម្ពុជាជាដាច់ខាត។
គណបក្សខ្មែរអភិរក្ស បានសម្ដែងនូវការគាំទ្រ និងកោតសរសើរចំពោះការប្រកាសកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា “ទិវាសន្តិភាពនៅកម្ពុជា» ដែលជាគំនិតប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់បំផុត និងប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ជាឧត្តមប្រយោជន៍របស់ជាតិមាតុភូមិ៕