គ.ជ.ប និង ភាគីពាក់ព័ន្ធបង្ហាញពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឬ គ.ជ.ប បានបើកកិច្ចប្រជុំរួមមួយស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ លើប្រធានបទ ការផ្តល់សុពលភាព និង ប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣។

ថ្លែងនាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣នាទីស្តីការគ.ជ.ប ឯកឧត្តម សោម សូរីដា សមាជិក គ.ជ.ប បានឱ្យដឹងថា ដើម្បីធានាឱ្យដំណើរ ការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ប្រព្រឹត្ត ទៅក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ និងសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ.ជ.ប បានសហការជាមួយ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ហៅកាត់ ថា គ.ស.អ ដាក់ចេញនូវសេចក្តីណែនាំរួមលេខ ០៣ សណន ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ស្តីពី កិច្ចសហការការពារ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរ ការ ពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់ សុពល ភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៣។

ឯកឧត្តមបន្តថាសម្រាប់អនុវត្តផែនការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំនោះ ជាលទ្ធផល សម្រាប់ឆ្នាំ២០២៣ នេះប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ចំនួន ១០,៩៧៨,២៥៨ នាក់ ក្នុងនោះស្ត្រី ៥,៦៦០,៧៣៧ នាក់, ប្រជាពលរដ្ឋទើបគ្រប់អាយុ ១៨ឆ្នាំ ចំនួន ១២៣,០០២ នាក់,ប្រជាពលរដ្ឋផ្លាស់ចូលចំនួន ៥៣,៥៩៦នាក់,ចំនួនប៉ាន់ស្មានអ្នកអាចមកចុះឈ្មោះបោះឆ្នោតចំនួន ២៨០,៥៩៣នាក់,ចំនួនអ្នកដែលលុបចេញពីបញ្ជីបោះឆ្នោតចំនួន ៩៦,៧១០ នាក់។

ឯកឧត្តមបានឱ្យដឹងទៀតថា គ.ជ.ប បានកំណត់រយៈពេល ១៩ ថ្ងៃ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោត ក្នុងឃុំ សង្កាត់នីមួយៗ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះ ឆ្នោតឆ្នាំ២០២៣ បាន ចាប់ផ្ដើមធ្វើនៅគ្រប់ឃុំ សង្កាត់ទូទាំង ប្រទេស នៅថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

ក្នុងរយៈពេល ១៩ ថ្ងៃ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២៣ នៅតាម ឃុំ សង្កាត់ ទទួលបានលទ្ធផល ដូចខាងក្រោម៖
អ្នកមកសុំចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ២៣៣,៧៧២ នាក់ ក្នុងនោះស្ត្រី ១១១,៧១៥ នាក់, អ្នកដែលត្រូវបានលុប ចេញ ពីបញ្ជីបោះឆ្នោតមានចំនួន ១២០,៨៨៣ នាក់,អ្នកដែលបាន ផ្ទេរចូលក្នុងឃុំ សង្កាត់ថ្មីមានចំនួន ៤៧,៩៥៨ នាក់, អ្នកមក សុំកែតម្រូវឈ្មោះ ឬ/និងទិន្នន័យក្នុងបញ្ជីបោះ ឆ្នោតមានចំនួន ១៨,៦៦៨ នាក់។

ឯកឧត្តម សោម សូរីដា បានឱ្យដឹងបន្ថែមថា បន្ទាប់ពីបណ្ដឹងតវ៉ា និងបណ្តឹងជំទាស់ត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នេះ គ.ជ.ប បានសម្រេចផ្ដល់សុខភាពជា ផ្លូវការ លើបញ្ជីបោះឆ្នោតឆ្នាំ២០២៣ ដែលមានទិន្នន័យ ដូចខាងក្រោម៖ ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ចំនួន ១០,៩៧៨,២៥៨ នាក់ ក្នុងនោះស្ត្រី ៥,៦៦០,៧៣៧ នាក់, ចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ៩,៨៧១,៤៩៥ នាក់ (ស្ត្រី ៥,២៤០,៩៧៩ នាក់) ស្មើ នឹង ៨៩.៩២% នៃប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើងសរុបការិយា ល័យ បោះឆ្នោតចំនួន ២៤,០៣៤ ការិយាល័យ បើប្រៀបធៀបនឹង ឆ្នាំ ២០២២ មាន ការកើនឡើងចំនួន ២៤៥ ការិយាល័យ។

គួរបញ្ជាក់ថាគណបក្សនយោបាយពីរ គឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច បានដាក់ ភ្នាក់ងារសង្កេតមើលដំណើរ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតសរុបចំនួន ៣,៨២៩ រូប ក្នុងនោះមានស្ត្រីចំនួន ១,១០៨ រូប៕
អត្ថបទ៖ម៉ាដេប៉ូ,រូបភាព៖គ្រីសម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner