លោក គីម ជុង ចូលរួមពិធីជួបជុំស្វាគមន៍ឆ្នាំថ្មីនៅរដ្ឋធានីព្យុងយ៉ាង
ព្យុងយ៉ាង៖ ទូរទស្សន៍ផ្លូវការ KCTV បានចេញផ្សាយវីដេអូមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងភរិយា រួមទាំងកូនស្រី ចូលរួមពិធីជួបជុំស្វាគមន៍ឆ្នាំថ្មីដ៏ធំនៅកីឡដ្ឋាន រុងក្រាដូ ក្នុងរដ្ឋធានីព្យុងយ៉ាង។
ស្របពេលដែលពិភពលោកប្រារព្ធពិធីអបអរសាទរឆ្លងឆ្នាំចាស់២០២៣ ឈានចូលឆ្នាំថ្មី២០២៤ ប្រទេសកូរ៉េខាងជើងក៏បានរៀបចំពិធីជួបជុំដ៏ធំមួយផងដែរ ក្នុងកីឡដ្ឋានមួយ នារដ្ឋធានីព្យុងយ៉ាង ដោយមានការចូលរួមពីលោក គីម ជុងអ៊ុន និងភរិយា រួមទាំងកូនស្រី មន្រ្តី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ នាឱកាសនោះដែរ ក៏មានការសម្តែងសិល្បៈ និងបាញ់កាំជ្រួចចម្រុះពណ៌ផងដែរ។
ក្នុងសុន្ទរកថាអបអរសាទរឆ្នាំថ្មី ក្នុងជំនួបជាមួយក្រុមមេបញ្ជាការជាន់ខ្ពស់កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ លោក គីម ជុងអ៊ុន បានប្តេជ្ញាចិត្តបាញ់បង្ហោះផ្កាយរណបថ្មីចំនួន៣បន្ថែមទៀត, ផលិតយន្តហោះដ្រូនយោធា និងបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែរ។
បន្ថែមលើនេះ លោក គីម បានប្រាប់ក្រុមមេបញ្ជាការរបស់លោក ឱ្យប្រើប្រាស់កម្លាំងជាអតិបរមា ដើម្បីកម្ទេចកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ប្រសិនបើប្រទេសទាំងពីរនេះ ហ៊ានបង្កជម្លោះយោធាមុន។
ទន្ទឹមគ្នា ទីក្រុងវ៉ាស៊ីនតោន បានព្រមានត្រឡប់ទៅវិញដែរថា ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរណាមួយលើកូរ៉េខាងត្បូង ឬសហរដ្ឋអាមេរិក នឹងនាំទៅរកថ្ងៃអវសាននៃរបបដឹកនាំលោក គីម ជុងអ៊ុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា