ឆ្នាំ២០២៣កម្ពុជារកចំណូលបានជិត ៤០លានដុល្លារពីការលក់ សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ
ភ្នំពេញ៖ គ្រឹះស្ថានអង្គរបានប្រកាសឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ដែល ទើបបញ្ចប់ទៅថ្មីៗនេះ កម្ពុជា រកចំណូលជិត៤០លាន ដុល្លាអាម៉េរិក ពីការលក់សំបុត្រឲ្យអ្នកទេសចរបរទេសចូល ទស្សនា រមណីយដ្ឋាន អង្គរ។
របាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី១ មករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ពេញមួយឆ្នាំ២០២៣ គ្រឹះស្ថាន អង្គរ បានរកចំណូលពីការលក់សំបុត្រជូនអ្នកទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន៣៧ ១៩៨ ៩៨៨ ដុល្លារ ស្មើនឹងជាង២០០ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២២។
ប្រភពដដែលរំលេចបន្ថែមថា ក្នុងឆ្នាំ២០២៣ មានទេសចរបរទេស សរុប ៧៩៨ ០៦៩នាក់ បានចូលទិញសំបុត្រទស្សនា រមណីយដ្ឋាន អង្គរ ដែលចំនួននេះកើនឡើង១៧៧,៧៣ភាគរយធៀបនឹងឆ្នាំ២០២២ ។ដោយឡែកការលក់សំបុត្រទៅ ប្រាសាទ កោះកេរ បានចំនួន២២២ ០៩០ដុល្លារ លើអ្នកទេសចរបរទេសចំនួន ១៤ ៨០៦នាក់ និង រកចំណូលពីការលក់សំបុត្រទូកនៅ តំបន់ចុងឃ្នៀស បានចំនួន ៥៦៤ ៦៧១ដុល្លាអាម៉េរិក។
គ្រឹះស្ថានអង្គរបញ្ជាក់ថា ថវិកាដែលបានមកពីការលក់សំបុត្រ ទស្សនា នេះ ក៏បានឧបត្ថម្ភចូលនិធិគន្ធបុប្ផាសម្រាប់ឆ្នាំ២០២៣ សរុប ចំនួន ១ ៥៩៦ ១៣៨ដុល្លារ ទៀតផង៕
ដោយ៖ មុនី ,រូបថត មន្ទីរព័ត៌មានខេត្តសៀមរាប