ពាជីមុខ ឬវាជីមុខ
ភ្នំពេញ៖ ពាជីមុខ ឬវាជីមុខ មានន័យថា «មុខសេះ» សំដៅលើសភាវៈ មួយមានដងខ្លួនជាមនុស្ស និងមានក្បាលជាសេះ។ នៅក្នុងបរិបទ ព្រហ្មញ្ញសាសនា ពាជីមុខ ឬអាចហៅម្យ៉ាងទៀតថា «ព្រះកល្កិន» ជា អវតារមួយចុងក្រោយក្នុងចំណោម អវតារ ទាំង ១០របស់ ព្រះនារាយណ៍ (ការបង្ហាញអវតារនីមួយៗរបស់ព្រះនារាយណ៍តែងភ្ជាប់ជាមួយព្រឹត្តិការណ៍ និងសាច់រឿង នីមួយៗ ច្បាស់លាស់ទៅតាមគម្ពីរទេវកថា)។ អវតារអង្គនេះពុំទាន់បង្ហាញខ្លួននៅលើលោកយើងនេះនៅឡើយទេ ទាល់តែដល់ ចុងកប្ប។
លក្ខណៈសម្គាល់របស់ប្រតិមាអង្គនេះ មានដងខ្លួនជាមនុស្សនិងក្បាល ជាសេះឈរកាច់ចង្កេះ។ ភ្នែកបើក និងស្លៀកសំពត់វែង ដល់ជង្គង់ ឆ្នូតចង្កេះទម្លាក់ជាជាយមកខាងស្តាំ សំពត់នេះមានឆ្លាក់បង្ហាញ ក្បាច់លម្អចងជាក្បាច់ផ្កាទម្លាក់ដល់កជើង។ ដៃទាំងពីរ បាក់បាត់ នៅត្រឹមដើមដៃ និងពុំដឹងថា មានកាន់កេតនភណ្ឌអ្វីឡើយ។
ប្រតិមានេះ ធ្វើពីថ្មភក់ មានប្រភពមកពីគុកត្រប់ ខេត្តកណ្តាល។ ទម្រង់ មុខ ដងខ្លួនទន់ភ្លន់ ឈរកាច់បន្តិចត្រង់ត្រគាក មើលទៅ សមភ្នែក ក្រៃលែង ជាលក្ខណៈសម្គាល់រចនាបថភ្នំដា អំឡុងស.វទី័៦-៧ នៃ សិល្បៈខ្មែរសម័យមុនអង្គរ។
ប្រតិមានេះបានមកដល់សារមន្ទីរជាតិក្នុងឆ្នាំ១៩២៤ ហើយទើបនឹង បាន ជួស ជុលតភ្ជាប់ប្រអប់ជើង ដែលទើបរកឃើញក្នុងឆ្នាំ ២០១៤ ដោយក្រុមការងាររោងជាងថ្ម។
បច្ចុប្បន្នប្រតិមានេះកំពុងដាក់តាំងបង្ហាញនៅថែវសម័យមុនអង្គរ (ស្ថិតនៅភាគខាងត្បូងនៃអគារសារមន្ទីរជាតិកម្ពុជា)៕
ប្រភព៖សារមន្ទីរជាតិ