ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខ្មែរនិងឆ្លងឆ្នាំសកល២០២៣-២០២៤ ខេត្តបាត់ដំបងមានទេសចរជាងបីសែនចូលរួម
បាត់ដំបង៖ព្រឹត្តិការណ៍ការដាក់តាំងពិព័រណ៍ម្ហូបអាហារ-បង្អែមខ្មែរ រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ ដែល រៀបចំ ដោយរដ្ឋបាលខេត្តបាត់ដំបង មន្ទីរជំនាញ ព្រមទាំងបណ្តាញអាជីវករ អាជីវកម្មម្ហូបអាហារនានាក្នុងខេត្ត មានស្តង់-តូបជាង១០០ ដែល អាជីវករ មានអាជីពលើវិស័យនេះបានយកម្ហូបអាហារ និងបង្អែមខ្មែរ ស្នាដៃរបស់ខ្លួនមកចូលរួម តាំងលក់និង បង្ហាញដល់សាធារណៈជន អ្នកទេសចរជាតិ អន្តរជាតិ ទស្សនា ភ្លក់ និង ទិញស្នាដៃចម្រុះរសជាតិ នេះ។
ពិព័រណ៍ម្ហូបអាហារ បង្អែមខ្មែរ នេះត្រូវបានរៀបចំយ៉ាងមានរបៀប រៀបរយ និងប្រកបដោយសោភណភាព នៅតាមដងផ្លូវលេខ១ ចាប់ពី មុខអង្គភាពរដ្ឋាករទឹកខេត្ត រហូតដល់មុខមន្ទីរទេសចរណ៍ខេត្ត។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យ ដឹងថា ក្នុងព្រឹត្តិការណ៍បីថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣ ដែលជាថ្ងៃឆ្លងឆ្នាំខេត្ត បាត់ដំបង ទទួលបានភ្ញៀវទេសចរសរុប ៣៥៣ ៧០៨ នាក់ ។ពោលមានការកើនឡើង ៦៧,៦០ ភាគរយ នេះ បើធៀប ឆ្នាំ២០២២ ដែលមានភ្ញៀវប្រមាណ ២១១ ០៣៨ នាក់។
លោកប្រធានមន្ទីរបានបន្តថា កត្តាដែលធ្វើឱ្យភ្ញៀវមានការកើនឡើង នៅក្នុងព្រឹត្តិការណ៍ខាងលើនេះ គឺដោយសាររដ្ឋបាលខេត្តបាត់ ដំបង បានពង្រីកទីតាំងសម្រាប់រៀបចំពិធីទូលាយជាងមុន ដែល អាចឱ្យភ្ញៀវ ធ្វើដំណើរកម្សាន្តបានច្រើនកន្លែង,មានកង កម្លាំង ប្រចាំការទាំងយប់ និងថ្ងៃ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍និងក្នុងការពង្រឹងសុខ សុវត្ថិភាពជូនដល់ភ្ញៀវ។ក្នុងឱកាសនេះ ក៏មានទី តាំងពិព័រណ៍ផលិតផល ក្នុងស្រុកចំនួនពីរទីតាំង និង “ស្តង់ភូមិមួយ-ផលិតផលមួយ”។
ដោយឡែកក្នុងឱកាសអញ្ជើញជាអធិបតីចូលរួមរាប់ថយក្រោយ ក្នុង រាត្រីថ្ងៃឆ្លងឆ្នាំសកលឈានចូលឆ្នាំថ្មីឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានគូសរំលេចថា កម្មវិធីកម្សាន្តសប្បាយ ជាច្រើន នៅក្នុងឱកាសឆ្លងឆ្នាំសកលអាចប្រព្រឹត្តទៅបាន នេះ គឺមិន អាច់កាត់ផ្តាច់បាន ពីកត្តាសុខសន្តិភាព និងដោយសារប្រទេសជាតិ យើងមានសុខសន្តិភាពដ៏ពេញ លេញដែលបាន មកពីការ ខិតខំប្រឹង ប្រែង របស់សម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។ឯកឧត្តមក៏បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ត្រូវចូល រួមការពារ ថែរក្សាសុខសន្តិភាព ដើម្បីផ្ដល់ឱកាសនិងជំរុញឱ្យ ប្រទេសជាតិកាន់តែមានការអភិវឌ្ឍ រីកចម្រើន បន្ថែមទៀត៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន )