បន្លែកណ្តៀងដាក់លក់តាមផ្លូវជាតិលេខ១ ក្នុងខេត្តស្វាយរៀង ទទួលការ ចាប់អារម្មណ៍ កាន់តែច្រើន
(ខេត្តស្វាយរៀង)៖ តាមរយៈការលក់កណ្តៀងតាមផ្លូវជាតិលេខ១ រវាងព្រំប្រទល់ ខេត្ត ស្វាយរៀង និងខេត្តព្រៃវែង ត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទី កន្លែងនោះ ទទួលការចាប់អារម្មណ៍ និងចុះទិញជាហូរហែ។ អ្នកលក់កណ្តៀង នៅតាមផ្លូវជាតិលេខ១ និង បន្លែពីធម្មជាតិផ្សេងៗទៀតនៅត្រង់កន្លែងនេះតែង ត្រូវបានអ្នកធ្វើដំណើរឆ្លងកាត់ ចុះទិញដើម្បីយកមកធ្វើម្ហូបនៅឯផ្ទះ ពិសេស អ្នករស់នៅ ខេត្ត ស្វាយរៀង តែម្តង ។
គួរបញ្ជាក់ថាកណ្តៀងជាបន្លែមួយប្រភេទដែលមានពណ៌បៃតង និងមានរស់ជាតិ ល្វីងតិចៗ មិនចាញ់ប្រម៉ាត់ដីឡើយ ។បន្លែប្រភេទនេះត្រូវបានអ្នក ខេត្ត ស្វាយរៀង ពេញនិយមជាខ្លាំងតាំងតែសម័យចាស់បុរាណរហូតមកដល់សព្វថ្ងៃ។បន្លែប្រភេទនេះគេច្រើនយកទៅធ្វើជាបន្លែស្លទទួលទាន ឬជាអន្លក់ទឹកគ្រឿង អន្លក់ផ្ទាប់ជាមួយ ប្រហុក ផ្អក ជាដើម ជាពិសេសគឺ សម្លកណ្តៀង ដែលជា ទៅល្បីល្បាញឈ្មោះ ។
កន្លែងលក់កណ្តៀង និង បន្លែផ្សេងៗទៀតមួយនេះ ត្រូវបានគេឱ្យដឹងថា៖អ្នកស្រុកចាប់ផ្តើមលក់ប្រមាណជិត២ឆ្នាំមកនេះ។កាលពីដំបូងឡើយមានអ្នកលក់២ទៅ៣នាក់ប៉ុណ្ណោះ ប៉ុន្តែដោយសារតម្រូវការរបស់អ្នកអតិថិជនកើនឡើងបន្តបន្ទាប់ធ្វើឱ្យអ្នកលក់កាន់តែរីកធំ ដែលរហូតមកដល់ពេលនេះមានជិត២០តូបហើយ។
អ្នកស្រី ថោង សុខ ដែលកំពុងលក់នៅភូមិធ្លក ឃុំក្រោលគោ ស្រុក ស្វាយជ្រុំ ខេត្ត ស្វាយរៀង ដែលស្ថិតនៅជាប់ព្រំប្រទល់ ខេត្ត ព្រៃវែង បានឱ្យដឹងថា៖ដោយសារមើលឃើញកណ្តៀងកំពុងពេញនិយមសម្រាប់អ្នកស្រុក និងភ្ញៀវទេសចរ ដែលឆ្លងកាត់ទឹកដីខេត្តស្វាយរៀង នោះទើបធ្វើឱ្យអ្នកស្រីចាប់ផ្តើមដាក់លក់ បន្លែកណ្តៀង និងបន្លែ ធម្មជាតិផ្សេងៗទៀតដូចជា៖ កណ្តៀង កញ្ចូភ្នំ ច្រាច់ ភ្លៅកង្កែប កញ្ឆែតស្រែ ត្រកួនស្រែជាដើម។
អ្នកស្រីប្រាប់ថា”កណ្តៀងលក់នៅទីនេះដាច់គួរសម។ខ្ញុំលក់ដាច់តែអ្នកធ្វើដំណើរ ទេ។ អ្នកធ្វើដំណើរមិនថារថយន្ត ម៉ូតូ ឬសូម្បីតែអ្នកជិះរថយន្តតាក់ស៊ីក៏តែងឈប់ ដើម្បីទិញ បន្លែ ទីកន្លែងនេះសម្រាប់ធ្វើម្ហូបដែរ”។
អ្នកស្រីបានបន្តឱ្យដឹងថា៖បន្លែទាំងនេះពិសេស កណ្តៀង អ្នកស្រីបានដាំខ្លួន ឯង លក់ ហើយមួយចំនួនទៀតទិញគេមកលក់បន្ថែម ដើម្បីបង្រ្គប់តម្រូវការអតិថិ ជន។ ពេលនេះដែរ ប្រជាពលរដ្ឋអ្នកខេត្តស្វាយរៀងមួយចំនួននាំគ្នាងាកមកប្រកបរបរ ដាំកណ្តៀងសម្រាប់ចែកចាយលក់នៅលើទីផ្សារនានា ទាំងក្នុងនិងក្រៅខេត្ត។
ដោយឡែកអ្នកស្រី យ៉ុន សុភី អ្នកលក់កណ្តៀង និង បន្លែធម្មជាតិ នៅតំបន់នេះ បានឱ្យដឹងថា៖ក្នុងមួយថ្ងៃអ្នកស្រីអាចលក់កណ្តៀងចាប់ពី២ម៉ឺនទៅ៥ម៉ឺនរៀល និងបូកផ្សំជាមួយលក់បន្លែធម្មជាតិដទៃទៀតឃើញថាអាចរកប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពល្អប្រសើរជាងមុន។
ស្រ្តីរូបនេះបានលើកឡើងថា៖ការលក់បន្លែធម្មជាតិគឺមានអ្នកធ្វើដំណើរ ចូលចិត្តទិញ ហើយតម្លៃថោកសមរម្យដោយអ្នកស្រីលក់បន្លែ មួយមុខៗ ដូចជាកណ្តៀង និងបន្លែដទៃទៀត ក្នុងមួយបាច់១០០០រៀល ។
ដោយឡែក អ្នកស្រី ជា ទូច អ្នកដែលជាអ្នកលក់មួយរូបទៀតបាននិយាយថា៖ការលក់កណ្តៀងនៅទីកន្លែងនេះមានទីផ្សារល្អ។កណ្តៀងចាប់ផ្តើមល្បីឈ្មោះ ហើយអ្នកដែលមិនធ្លាប់បរិភោគសោះមួយចំនួនក៏បានទិញទៅបរិភោគ ដោយក្នុងនេះអ្នកស្រីបានប្រាប់ពួកគាត់ពីវិធីចំអិនទៀតផង ។
គួរបញ្ជាក់ថារុក្ខជាតិកណ្តៀងនេះភាគច្រើនគេឃើញមានដុះនៅតាមភូមិដ្ឋានរបស់ប្រជាពលរដ្ឋស្ទើរតែគ្រប់ទីកន្លែនៅក្នុងប្រទេសកម្ពុជា និងដុះចម្រុះជាមួយនឹងបន្លែ គួបផ្សំ ជាច្រើនមុខដែលប្រជាកសិករដាំសម្រាប់ផ្គត់ផ្គង់លក់លើទីផ្សារ ៕
ដោយ ៖ ម៉ាដេប៉ូ