អ្នកស្លាប់កើនដល់៦២នាក់ និងរបួសជាង ៣០០នាក់ ក្រោយគ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រវាយប្រហារជប៉ុន
តូក្យូ៖ ចំនួនអ្នកស្លាប់កើនឡើងដល់៦២នាក់ហើយ នៅថ្ងៃពុធនេះ ស្របពេលក្រុមសង្គ្រោះកំពុងដុតដៃដុតជើង ស្វែងរកអ្នកនៅរស់រានមានជីវិត ហើយអាជ្ញាធរបានព្រមានពីការរអិលបាក់ដី និងភ្លៀងធ្លាក់ខ្លាំង បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ វាយប្រហារចំតំបន់ភាគកណ្តាលប្រទេសជប៉ុន។
មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ នៅថ្ងៃពុធនេះនិយាយថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏កក្រើក ដែលបានវាយប្រហារចំភាគកណ្តាលប្រទេសជប៉ុន នៅថ្ងៃចូលឆ្នាំថ្មី បានកើនឡើងដល់ ៦២នាក់ហើយ។ មន្ត្រីទទួលបន្ទុកឆ្លើយតបគ្រោះមហន្តរាយរបស់រដ្ឋាភិបាលក្នុងតំបន់ Ishikawa បានប្រាប់កាសែត AFP ថា មនុស្សជាង ៣០០នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ ក្នុងនោះ ២០នាក់របួសធ្ងន់ធ្ងរ។
ជាមួយគ្នានេះ តួលេខអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀត ខណៈដែលក្រុមសង្គ្រោះកំពុងប្រយុទ្ធជាមួយពេលវេលា និងអាកាសធាតុមិនល្អ ដើម្បីព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិត ចេញពីគំនរកំទេចកំទីបាក់បែក។ បច្ចុប្បន្នមនុស្សច្រើនជាង ៣១,៨០០នាក់កំពុងជ្រកកោនក្នុងជម្រកស្នាក់នៅបណ្តោះអាសន្ន។
សូមរម្លឹកថា គ្រោះរញ្ជួយដីខ្លាំងក្លាបន្តបន្ទាប់គ្នា ក្នុងនោះរួមមានទាំងកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារប្រទេសជប៉ុន នៅថ្ងៃចន្ទសប្តាហ៍នេះ។ គិតចាប់តាំងពីពេលនោះ ជប៉ុនបានកត់ត្រាការកើតមានរំញ័រសរុបយ៉ាងហោច១៥៥លើក។ អាជ្ញាធរជប៉ុនក៏បានប្រកាសអាសន្នពីរលកយក្សស៊ូណាមិផងដែរ ប៉ុន្តែនៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ បានសម្រេចដកការប្រកាសអាសន្ននោះចេញវិញ៕ ប្រភព៖ AFP រូបភាព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ ឈឹម ទីណា