ក្រសួងការងារ ទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត ជាង ១០ម៉ឺននាក់ គិតត្រឹមថ្ងៃទី១ មករា

ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលជីវជ្ជាវៈនៅថ្ងៃទី២ មករា ឆ្នាំ២០២៤ ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះសមាជិក របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត សរុបចំនួន ១០៦ ៨៦២នាក់ ដោយគិតចាប់ពីថ្ងៃ១៤ ខែវិច្ឆិកា ២០២៣ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ។

ឯកឧត្តមបន្ថែមថា ក្នុងចំណោមអ្នកចុះឈ្មោះទាំងនោះ មានបុគ្គលស្វ័យ និយោជន៍ចំនួន ៩៧ ០៣១នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៩៨៣១នាក់។ ក្នុងនោះសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្តបានទៅប្រើប្រាស់សេវាមានចំនួន ៤៩ ៩២៩ដង។ ដោយឡែក ការចំណាយតាវកាលិកទូទាត់មូលដ្ឋានសុខាភិបាល មានចំនួន ៧៩៩,២៩លានរៀល។

បើតាមឯកឧត្កម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះយុទ្ធនាការតាម រោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជន សរុបចំនួន ៤ ៥៩៩លើក ដែល មាន អ្នកចូលរួមចំនួន ១ ៣៧១ ១២៩នាក់។ ការផ្សព្វផ្សាយតាមបណ្តាញសង្គម ផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្តាញ សង្គម របស់សិល្បករ តារាចម្រៀង និងអ្នកមាន ប្រជាប្រិយភាព ក្នុងបណ្ដាញសង្គម ដោយ មានចំនួនចែករំលែកបន្ត ៣៥៧ដង និងចំនួនចូលទស្សនា ១២ ៦៩៨ដងបន្ថែម ទៀត ។

ឯកឧត្តមបានលើកឡើងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននឹងកំពុង បន្តយុទ្ធនាការរបស់ខ្លួនក្នុងការផ្សព្វផ្សាយអំពីកម្មវិធីថ្នាក់ជាតិស្តីពី របបសន្តិសុខ សង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត តាមទីសាធារណៈ ខ្នងផ្ទះ និងរោងចក្រឧស្សាហកម្មនានានៅទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយ អំពី អត្ថប្រយោជន៍ និងចុះឈ្មោះពលរដ្ឋដើម្បីប្រើប្រាស់ ។

ឯកឧត្តមបន្តថា ការពង្រីកវិសាលភាព របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស បានប្រែក្លាយ សេចក្តីប្រាថ្នា របស់បុគ្គលស្វ័យនិយោជន៍ភាគច្រើនដែលចង់ចូលជាសមាជិក ប.ស.ស. ក៏ដូចជាក្តីប្រាថ្នារបស់បងប្អូនកម្មករ និយោជិតភាគច្រើន ដែលចង់ ឱ្យ អ្នកនៅក្នុងបន្ទុករបស់ខ្លួន អាចទទួលបានការធានារ៉ាប់រងសុខភាពដូចខ្លួនដែរ។ ប.ស.ស. បានក្លាយជានិមិត្តរូបនៃសុខភាព ក្នុងចិត្តបងប្អូនកម្មករនិយោជិត ដោយអាចជួយកាត់បន្ថយបន្ទុកចំណាយ ពង្រឹងស្ថិរភាព និងការព្យាករណ៍ បាននៃចំណូល និងធ្វើឱ្យប្រសើរឡើង នូវសុខភាពរបស់ខ្លួន។

ការប្រកាសនេះ បន្ទាប់ពីរាជរដ្ឋាភិបាល ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកាសដាក់ឲ្យអនុវត្តផ្លូវការ “កម្មវិធីរបបសន្តិ សុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត” និង ”កម្មវិធី បណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ” កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner