ពលរដ្ឋខ្មែរនៅជប៉ុន ចេញវីដេអូបញ្ជាក់ពីសុវត្ថិភាព បន្ទាប់ពីគ្រោះមហន្តរាយ ដោយការ រញ្ជួយដី ៧.៦រ៉ិចទ័រ នៅប្រទេសជប៉ុន
ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន បានចេញវីដេអូបញ្ជាក់ពីសុវត្ថិភាព បន្ទាប់ពីគ្រោះមហន្តរាយដោយការរញ្ជួយដី ៧.៦រ៉ិចទ័រ នៅប្រទេសជប៉ុន កាលពីថ្ងៃចូលឆ្នាំថ្មីកន្លងមកនេះ ។
តាមរយៈបណ្ដាញសង្គមបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន បានចេញវីដេអូបញ្ជាក់ដូចៗគ្នាថា បន្ទាប់ពីមានគ្រោះរញ្ជួយដី ពួកគាត់បានមានសុវត្ថិភាពទាំងអស់គ្នា និងបានសូមអរគុណចំពោះការបារម្ភពីសុខសុវត្ថិភាពរបស់ពួកគាត់ ។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃទី០២ ខែមករា ឆ្នាំ ២០២៤ បានបញ្ជាក់អំពីស្ថានភាពពលរដ្ឋខ្មែររស់នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រ ដោយបានបញ្ជាក់ថា យោងតាមរបាយការណ៍ស្ថានទូតកម្ពុជា មានពលរដ្ឋខ្មែរជាង ១ ៦០០ នាក់ ដែល រស់នៅក្នុងតំបន់រងគ្រោះ (ខេត្តចំនួន៦) ។ គិតត្រឹមថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៤ ពុំមានរបាយការណ៍ អំពី ករណីពលរដ្ឋខ្មែរបាត់បង់ជីវិត ឬ រងគ្រោះថ្នាក់ ដោយសារគ្រោះរញ្ជួយដីខាងលើទេ។
ដោយឡែក មានរបាយការណ៍អំពីនិស្សិតខ្មែរចំនួន ៣រូប ដែលស្ថិតក្នុងខេត្ត Ishikawa និងចំនួន៥រូបផ្សេងទៀត ដែលស្ថិតក្នុងខេត្ត Niigata ត្រូវបានជម្លៀសមក ទីតាំងមានសុវត្ថិភាពរួចហើយ ។ ក្រសួងការបរទេស ក៏បានអំពាវនាវពលរដ្ឋខ្មែរដែលកំពុង រស់នៅក្នុងប្រទេសជប៉ុន បន្តមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងគោរព និងអនុវត្តតាមការណែនាំរបស់ អាជ្ញាធរជប៉ុន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ។
សូមជម្រាបថា បើតាមមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ បាននិយាយនៅថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏កក្រើក ដែលបានវាយប្រហារចំភាគកណ្តាលប្រទេសជប៉ុន នៅថ្ងៃចូលឆ្នាំថ្មី បានកើនឡើងដល់ ៦២នាក់ ។ មន្ត្រីទទួលបន្ទុកឆ្លើយតបគ្រោះមហន្តរាយរបស់រដ្ឋាភិបាលក្នុងតំបន់ Ishikawa បានប្រាប់កាសែត AFP ថា មនុស្សជាង ៣០០នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ ក្នុងនោះ ២០នាក់របួសធ្ងន់ធ្ងរ ខណៈបច្ចុប្បន្ន មនុស្សច្រើនជាង ៣១,៨០០នាក់កំពុងជ្រកកោនក្នុងជម្រកស្នាក់នៅបណ្តោះអាសន្ន ។
សូមរម្លឹកថា គ្រោះរញ្ជួយដីខ្លាំងក្លាបន្តបន្ទាប់គ្នា ក្នុងនោះរួមមានទាំងកម្រិត ៧.៦រ៉ិចទ័រ បានវាយប្រហារប្រទេសជប៉ុន នៅថ្ងៃចន្ទសប្តាហ៍នេះ ។ គិតចាប់តាំងពីពេលនោះ ជប៉ុន បានកត់ត្រា ការកើតមានរំញ័រសរុបយ៉ាងហោច ១៥៥លើក ។ អាជ្ញាធរជប៉ុនក៏បានប្រកាសអាសន្នពីរលកយក្សស៊ូណាមិផងដែរ ប៉ុន្តែនៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ បានសម្រេចដកការប្រកាសអាសន្ននោះចេញវិញ ៕ដោយ ៖ វណ្ណលុក