ក្រុមហ៊ុន BYD វ៉ាដាច់ Tesla ក្នុងការលក់រថយន្តអគ្គិសនីច្រើនបំផុត
ញូវយ៉ក៖ ទីបំផុតក្រុមហ៊ុនផលិតរថយន្តអាមេរិក Tesla បានធ្លាក់ពីបល្ល័ង្ករបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីច្រើនជាងគេ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ជំនួសដោយក្រុមហ៊ុនចិន BYD វិញ។
ក្រុមហ៊ុនផលិតរថយន្តមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលគ្រប់គ្រងដោយមហាសេដ្ឋី អេលុន ម៉ាស បានចែកចាយរថយន្តចំនួន ៤៨៤,៥០៧គ្រឿងក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ កើនឡើងច្រើនជាង ១១ភាគរយ បើធៀបនឹងត្រីមាសមុន។
ប៉ុន្តែតួលេខនេះមិនអាចឱ្យ Tesla រក្សាតំណែងក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់ពិភពលោកបានទេ ដោយសារតែគូប្រជែងរបស់ខ្លួន គឺក្រុមហ៊ុន BYD របស់ចិន បានរាយការណ៍ពីការលក់រថយន្តរហូតដល់ ៥២៦,៤០៩គ្រឿង ក្នុងរយៈពេលដូចគ្នានេះ ពោលគឺច្រើនជាង Tesla រហូតដល់ ៤១,៩០២គ្រឿង។
បន្ថែមពីលើការចែកចាយរថយន្តតិចជាងនេះ Tesla ក៏តាមពីក្រោយ BYD នៅក្នុងការផលិតរថយន្តនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ផងដែរ។ ជាមួយគ្នានេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ក៏បានធ្លាក់ចុះផងដែរ បន្ទាប់ពីព័ត៌មានខាងលើត្រូវបានប្រកាស។
បើទោះបីជាបាត់បង់តំណែងកំពូល ក្នុងការលក់រថយន្តប្រចាំត្រីមាសរបស់ខ្លួនក៏ដោយ ក៏ Tesla នៅតែឈរចំណុចកំពូលលើការលក់ប្រចាំឆ្នាំ ដោយបានចែកចាយរថយន្តអគ្គិសនី (EVs) ច្រើនជាង ១.៨លានគ្រឿងដល់អតិថិជន គិតចាប់ពីដើមឆ្នាំដល់ខែធ្នូ តួលេខនេះកើនឡើង ៣៨ភាគរយ។ ចំនួននេះកើនលើសពីតួលេខលក់របស់ BYD ដែលមានត្រឹមតែក្រោម ១.៦លានគ្រឿងប៉ុណ្ណោះ កើនឡើង ៧៣ភាគរយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា