ជើងឯកកង់ថ្នាក់ជាតិឆ្នាំ២០២៣ បានផ្លាស់ទីលានប្រណាំង មកខេត្តកំពង់ឆ្នាំង ជាមួយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មី
(ភ្នំពេញ)៖ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣នេះ បានផ្លាស់ពីខេត្តសៀមរាប មកធ្វើនៅខេត្តកំពង់ឆ្នាំង ជាមួយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មី ដែលទើបសាងសង់រួច ។
លោក នូ ចំរើន បន្តថា មូលហេតុដែលជ្រើសរើសខេត្តកំពង់ឆ្នាំងវិញ ព្រោះជាខេត្ត មានអំណោយផល ទាំងស្ថានភាពផ្លូវ សម្រាប់ការប្រកួតកង់គួក និងកង់ភ្នំ និងជាខេត្តឈរលេខ៣ ដែលមានប្រជាជនជិះកង់ច្រើនជាងគេ បន្ទាប់ពីភ្នំពេញ និងខេត្តសៀមរាប ។ លោកអគ្គលេខាធិការ បន្ថែមថា ការប្រកួតនេះ សហព័ន្ធបានដាក់នូវគោលដៅធំៗ ២ គឺ -អនុវត្តតាមផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ដើម្បីបង្កើន និងពង្រឹងសមត្ថភាពគណៈកម្មការបច្ចេកទេស និងគណៈកម្មការរៀបចំការប្រកួត ត្រៀមព្រឹត្តការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ និងការប្រកួតអន្ដរជាតិនានា និងទី២-គឺជាឱកាសចូលរួម និងបង្ហាញនូវទេពកោសល្យ ចំណេះ និងជំនាញ ដើម្បីស្វែងរកធនធានកីឡាករ-កីឡាការិនីមានសមត្ថភាព ត្រៀមចូលរួមក្រុមជម្រើសជាតិ សម្រាប់ឆ្នាំ២០២៤ និងត្រៀមប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ ។
លោក នូ ចំរើន បានបង្ហាញអារម្មណ៍រីករាយ ក្រៅពីការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ទទួលបានការឧបត្ថម្ភនូវទឹកប្រាក់ចំនួន ៤២,៧៥០ដុល្លារ ពីក្រុមហ៊ុន Herbalife ផងដែរ ។ ធ្វើអោយសហព័ន្ធបានសម្រេចដំឡើងវិញ្ញាសាប្រកួតពី ៤វិញ្ញាសា ទៅ ៧វិញ្ញាសា។ រីឯរង្វាន់ជ័យលាភី សហព័ន្ធនឹងផ្ដល់ជូនពីចំណាត់ថ្នាក់លេខ១ រហូតដល់ចំណាត់ថ្នាក់លេខ៥ ។
គួររម្លឹកថា កីឡាទោចក្រយានកម្ពុជា ទើបបង្កើតកំណត់ត្រាថ្មី ដោយដណ្ដើមបានមេដាយលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះកាលពីខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ដោយដណ្ដើមបានមេដាយប្រាក់១ និងសំរឹទ្ធ១ ។ សម្រាប់ការប្រកួតជើងឯកឆ្នាំនេះ គឺចាប់ពីថ្ងៃទី៥-៨ ខែមករា ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមកើនឡើងសរុប ២៩៨នាក់ មកពី ២៨សមាគម/ក្លិប និងរាជធានី-ខេត្ត ដែលមានការកើនឡើងប្រមាណ ១០% បើធៀបឆ្នាំមុន វិញ្ញាសាប្រកួត និងរង្វាន់ជ័យលាភីក៏កើនផងដែរ ៕
ដោយ ៖ ចាន់ វិចិត្រ