ប្រធានាធិបតីកូរ៉េខាងត្បូងចាត់ទុកការវាយប្រហារលោក Lee Jae-Myung ជា “អំពើភេរវកម្ម” ខណៈគាត់ទើបរួចផុតពីស្លាប់
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នៅថ្ងៃពុធនេះ បានថ្កោលទោសការប្រហារដោយកាំបិត លើមេដឹកនាំបក្សប្រឆាំងធំបំផុតនៅកូរ៉េខាងត្បូង លោក លី ចេម្យុង និងចាត់ទុកសកម្មភាពនេះថា ជា “អំពើភេរវកម្ម” ហើយថា អំពើហិង្សាបែបនេះ បំផ្លាញសេរីភាពមនុស្ស និងជាសត្រូវនៃលទ្ធិប្រជាធិបតេយ្យសេរី។
ក្នុងពិធីជួបជុំជាមួយអតីតប្រធានាធិបតីកូរ៉េខាងត្បូង នៅឯវិមាន ឈុង វ៉ាដេ លោក យូន ស៊ុកយុល ថ្លែងថា អំពើភេរវកម្ម ទោះស្ថិតក្នុងទម្រង់បែបណាក៏ដោយ វាមិនត្រឹមតែជាអំពើបង្កគ្រោះថ្នាក់ ឬឧក្រិដ្ឋកម្មលើជនរងគ្រោះប៉ុណ្ណោះទេ វាក៏រឹតត្បិតសេរីភាពរបស់មនុស្ស និងជាសត្រូវចំពោះមនុស្សគ្រប់គ្នាដែលស្វែងរកសង្គមសេរី ហើយក៏ជាសត្រូវនៃលទ្ធិប្រជាធិបតេយ្យសេរីផងដែរ។
ដូច្នេះពួកយើងទាំងអស់គ្នា សូមជូនពរឱ្យមេដឹកនាំបក្សប្រឆាំង លោក លី ចេម្យុង ឆាប់ជាសះស្បើយ។ សមាជិកសភាម្នាក់មកពីបក្សប្រជាធិបតេយ្យ នៅថ្ងៃពុធនេះនិយាយថា មេដឹកនាំរបស់ខ្លួន គឺលោក លី ចេម្យុង បានរួចផុតពីសេចក្ដីស្លាប់យ៉ាងប្រផុតប្រផើយ នៅពេលដែលលោកត្រូវបានគេចាក់នឹងកាំបិតត្រូវចំក។ បច្ចុប្បន្ន ស្ថានភាពរបស់លោក លី កំពុងត្រឡប់ទៅរកភាពល្អប្រសើរ តែកំពុងសម្រាកព្យាបាលក្នុងបន្ទប់ ICU នៅឡើយ។
បើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ប៉ូលិសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះមានផែនការស្វែងរកដីកាឃាត់ខ្លួន បុរសជាជនសង្ស័យអាយុ ៦៦ឆ្នាំ ត្រូវបានបញ្ជាក់អត្តសញ្ញាណថា មាននាមត្រកូលគីម និងដែលត្រូវបានឃាត់ខ្លួននៅនឹងកន្លែង៕
ប្រភព៖ AFP និង Yunhap ប្រែសម្រួលដោយ៖ ឈឹម ទីណា