ចាប់ខ្លួនជនបរទេស ៣៨នាក់ ក្រោយហេតុការណ៍កាប់ចាក់សម្លាប់គ្នានៅអគារប៊ូយ៉ុង (Video Inside)

សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចិន និងវៀតណាម ចំនួន ៣៨នាក់ ក្រោយហេតុការណ៍កាប់ចាក់គ្នា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបណ្តាលឱ្យជនជាតិចិនម្នាក់បានស្លាប់។

ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៣កន្លះទាបភ្លឺឈានចូលថ្ងៃទី៣មករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចទល់មុខអាគារប៊ូយ៉ុង មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

របាយការណ៍បានរៀបរាប់ថា ជនបរទេសប្រុសស្រីជាច្រើនសិបនាក់ បានធ្វើការផឹកស៊ីជួបជុំគ្នា និងមានប្រើប្រាស់គ្រឿងញៀនផងទៀត។ នៅក្នុងហេតុការណ៍នោះ ស្រាប់តែមានទំនាស់ រឿងលុយជំពាក់ ក៏កើតជាជម្លោះដេញវាយគ្នាពេញក្នុងអាគារ តាំងពីជាន់ខាងលើ រហូតមកដល់ជាន់ផ្ទាល់ដី។

បុរសម្នាក់ត្រូវគេនិយាយថា បានដកកាំបិតចាក់ទៅលើជនរងគ្រោះម្នាក់ បានស្លាប់រួចជនដៃដល់នោះ បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។ រីឯបក្ខពួកជាច្រើននាក់ទៀត បាននាំគ្នារត់គេចទៅសំងំនៅជាន់ខាងលើ។

អ្នកយាមប្រចាំការក្នុងអគារ បានរាយការណ៍ទៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដែលបានដឹកនាំកម្លាំងចុះមកបង្ក្រាបតែម្តង។ សមត្ថកិច្ចបានចាប់ខ្លួនជនជាតិចិន ៣៦នាក់ និងជនជាតិវៀតណាម ២នាក់ រួមនឹងវត្ថុតាង កាំភ្លើងខ្លីមួយដើម, កាំបិត, ដំបងឆក់, ថ្នាំញៀន និងវត្ថុតាងមួយចំនួនផ្សេងទៀត។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីលោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់បន្ថែមជុំវិញចំណាត់ការបង្ក្រាបអំពើខុសច្បាប់នេះ (សម្លេងវិច្ឆិកា)

ads banner