ពលរដ្ឋ និងនិស្សិតខ្មែរ បន្តរាយការណ៍ជុំវិញសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយរញ្ជួយដីនៅជប៉ុន (Video Inside)
ពលរដ្ឋ និងនិស្សិតខ្មែរ ក្នុងប្រទេសជប៉ុន បានរាយការណ៍ពីសុវត្ថិភាពរបស់ខ្លួនជាបន្តទៀត ក្រោយការគេចរួចផុត នៃគ្រោះថ្នាក់រញ្ជួយផែនដី ខណៈដែលចំនួនមនុស្សស្លាប់បានកើនដល់ ៦២នាក់ហើយ។
គ្រោះរញ្ជួយដីមួយនារសៀលថ្ងៃទី១មករាឆ្នាំ២០២៤ ក្នុងកម្រិត៧ចុច៦រីច្ឆតឺ បានបណ្តាលឱ្យផ្លូវថ្នល់, ផ្ទះសម្បែង និងអគារជាច្រើនម៉ឺនខ្នង បានរងការបាក់ស្រុត និងដួលរលំ, មនុស្សជាច្រើនបានបង់ទីជំរក និងក្រុមសង្គ្រោះ កំពុងតែបន្តស្វែងរកមនុស្សខ្លះដែលបាត់ខ្លួននៅឡើយទេ។
ក្នុងចំណោមខេត្ត៦ ដែលរងគ្រោះនឹងករណីរញ្ជួយដីនេះ សេចក្តីរាយការណ៍បានឱ្យដឹងថា មានពលរដ្ឋខ្មែររស់នៅទីនោះប្រមាណជាង ១ពាន់ ៦០០នាក់។ ក្រុមនិស្សិត និងពលរដ្ឋខ្មែរ ដែលស្ថិតក្នុងតំបន់ដែលរងគ្រោះ បានបន្តការផ្ញើសារតាមបណ្តាញសង្គមបញ្ជាក់ អំពីសុវត្ថិភាពរបស់ខ្លួន។
ខេត្តអ៊ីស៊្ហីកាវ៉ា និងខេត្តណូតូ គឺជាខេត្តដែលមានករណីរងគ្រោះថ្នាក់រញ្ជួយដីខ្លាំងជាងគេ និងក៏មានសេចក្តីរាយការណ៍អំពីរលកយក្ខដែលមានកម្ពស់ប្រមាណជាង ១ម៉ែត្រ កើតឡើងផងដែរ។
គិតត្រឹមថ្ងៃពុធទី៣មករាឆ្នាំ២០២៤, មនុស្សស្លាប់ដោយគ្រោះរញ្ជួយដី បានកើនចំនួនដល់ ៦២នាក់, អ្នករងរបួសជាង ៣០០នាក់ និងតួលេខនេះ ត្រូវគេរំពឹងថានឹងកើនឡើងថែមទៀត។ ដោយឡែកមនុស្សជាង ៣ម៉ឺន ១ពាន់ ៨០០នាក់ ត្រូវគេរាយការណ៍ថា បានបាត់បង់ទីជំរក និងកំពុងស្នាក់នៅក្នុងកន្លែងជំរំថែរក្សារបស់រដ្ឋ។
នាយករដ្ឋមន្ត្រីជប៉ុនលោក ហ៊្វូមីអូ គី ស៊្ហីដា បានថ្លែងនៅថ្ងៃពុធនេះ ប្រាប់ពលរដ្ឋជប៉ុនថា ក្រុមសង្គ្រោះកំពុងតែបំពេញកិច្ចការរបស់គេដោយមិនគិតពេលវេលាឡើយ ដើម្បីការជួយសង្គ្រោះជីវិតមនុស្ស ដែលរងគ្រោះទាំងឡាយ។