ប្រធានធនាគារពិភពលោក៖ ការផ្តល់មូលនិធិពីវិស័យឯកជនជាគន្លឹះនៃការផ្លាស់ប្តូរអាកាសធាតុ

បរទេស៖ លោក Ajay Banga ប្រធានធនាគារពិភពលោកបានអះអាងថា ធនាគារត្រូវការផ្នែកឯកជន ដើម្បីផ្តល់ហិរញ្ញប្បទាន សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅផែនដី។

លោក Banga គឺជនជាតិអាមេរិក ដើមកំណើតឥណ្ឌា។ លោក បានចូលកាន់តំណែង ជាអ្នកគ្រប់គ្រងធនាគារពិភពលោក កាលពីខែមិថុនា ឆ្នាំ២០២៣។ លោកធ្លាប់បានសន្យាថា នឹងបង្កើនថាមពលនៃការផ្តល់ប្រាក់កម្ចីរបស់ខ្លួន ដោយការលើកទឹកចិត្តឱ្យមានការវិនិយោគឯកជនកាន់តែច្រើន ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

នៅក្នុងបទសម្ភាសន៍មួយ ជាមួយ AFP កាលពីថ្ងៃពុធ សប្តាហ៍នេះ លោក Ajay Banga បាននិយាយថា «ខ្ញុំគិតថា ប្រជាជននៅភាគខាងត្បូង នៃពិភពលោកទទួលស្គាល់យ៉ាងច្បាស់ថា អ្នកមិនអាចប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ដោយគ្មានការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុបាន នោះទេ» ។

ខណៈពេលដែលប្រទេសអភិវឌ្ឍន៍មាននិន្នាការពិភាក្សាអំពីការប្រែប្រួលអាកាសធាតុទាក់ទងនឹងការកាត់បន្ថយការបំភាយកាបូន ជាដើម លោក Ajay Banga បានអះអាងថា «ពួកគេមើលឃើញពីឥទ្ធិពលបម្រែបម្រួលអាកាសធាតុ មកលើប្រទេសរបស់ពួកគេ ទាក់ទងនឹងប្រព័ន្ធធារាសាស្ត្រ ទឹកភ្លៀង ការរិចរិលដី ការបាត់បង់ជីវចម្រុះ គម្របព្រៃឈើ»។

លោក Banga បាននិយាយទៀតថា «អ្នកត្រូវតែស្វែងរកការសម្របសម្រួល ដើម្បីអាចឱ្យម្ចាស់ជំនួយ និងអ្នកទទួល មានអារម្មណ៍ថា ធនាគារកំពុងស្វែងរកផ្លូវត្រូវ» ។

លោក Banga បាននិយាយថា ទោះបីជាធនាគារទទួលបានជោគជ័យ ក្នុងការបង្កើនដើមទុនបន្ថែម ពីសមាជិករបស់ខ្លួន ក៏ដោយ ក៏វានៅតែមិនអាចឆ្លើយតបទៅនឹងទំហំនៃបញ្ហាប្រឈមដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុនៅឡើយ នោះទេ។

លោកបានបន្ថែមថា «ការពិត គឺថា គម្លាតរវាងរាប់សិបលាន ទៅរាប់រយពាន់លាន និង ទៅពាន់ពាន់លាន មិនមែនជាចំនួនដែលធនាគារអាចបំពេញបាននោះទេ..នោះហើយ ជាមូលហេតុ ដែលទីបំផុត អ្នកត្រូវការវិស័យឯកជន» ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner