ក្លិបអ្នកកាសែតកម្ពុជា និង ក្រសួងអធិការកិច្ចរៀបចំវេទិកាពិភាក្សាដល់អ្នកសារព័ត៌មាន ពីតួនាទី និងការងារអធិការកិច្ចគ្រប់វិស័យនៅកម្ពុជា

(ភ្នំពេញ)៖ ក្លបអ្នកាសែតកម្ពុជាជាមួយនឹងក្រសួងអធិការកិច្ច បានរៀបចំវេទិកាពិភាក្សាទាក់ទងនឹងវិស័យអធិការកិច្ចដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការងារអធិការកិច្ចលើគ្រប់វិស័យនៅកម្ពុជាសំដៅបង្ការទប់ស្កាត់កែលម្អនឹងមានវិធានការ ដើម្បីប្រឆាំងនឹងអំពីពុករលួយ និងបាតុភាពអសកម្មនានា។

ក្នុងវេទិកាពិភាក្សាលើប្រធានបទ «អធិការកិច្ចក្នុងបរិបទកំណែទម្រង់» ដែលប្រព្រឹត្តិទៅនៅក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី០៤ ខែ មករា ឆ្នាំ ២០២៤នេះគេឃើញមានការចូលរួមពីសំណាក់ ឯកឧត្តម ហូត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និង លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានជាង១០០នាក់ មកពីស្ថាប័ននានា។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានឱ្យដឹងថាការរៀបចំវេទិការពិភាក្សានេះដែរធ្វើឡើងគឺក្នុងគោលបំណង ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានស្វែងយល់ដឹងបន្ថែមពីតួនាទីភារកិច្ច រួមទាំងការងារកំណែទងម្រង់ នៃវិស័យអធិការកិច្ចនៅកម្ពុជា ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានពន្យល់អំពីតួនាទីភារកិច្ចសំខាន់ៗរបស់ក្រសួងអធិការកិច្ច ការងារ កំណែទម្រង់ បញ្ហាប្រឈម រួមទាំងបកស្រាយនូវសំណួរផ្សេងៗរបស់អ្នកសារព័ត៌មាន។

ឯកឧត្តម ហួត ហាក់ បានថ្លែងពីតួនាទីសំខាន់ៗនៃស្ថាប័នអធិការកិច្ច និងស្ថាប័នមួយនេះបានចាប់ បដិសន្ធិឡើងតាំងតែពីឆ្នាំ ១៩៥៣ ពោលគឺសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ។ក្នុងឆ្នាំ១៩៨១ ដល់ ១៩៨៧ នៃសាធារណៈរដ្ឋប្រជាមានិតកម្ពុជាក៏បានបង្កើតក្រសួងមួយឱ្យទទួលកិច្ចការនេះ ដែលកាលនោះមានឈ្មោះថាក្រសួងត្រួតពិនិត្យកិច្ចការរដ្ឋ។ឆ្នាំ១៩៨៧ ដល់ឆ្នាំ ១៩៩៣ ក្រសួងនេះបានប្តូរឈ្មោះមកក្រសួងត្រួតពិនិត្យវិញ,ឆ្នាំ១៩៩៣ ដល់ ១៩៩៨ ស្ថាប័នអធិការកិច្ចមួយនេះត្រូវបានកែសម្រួលបន្តទៀតទៅជាអគ្គលេខាធិការដ្ឋានអធិការកិច្ចរាជរដ្ឋាភិបាលជំនួសឱ្យក្រសួងត្រួតពិនិត្យវិញ។ ក្នុងឆ្នាំ ១៩៩៩ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចូលស្ថាប័ន ២ចូលគ្នាទី ១ រដ្ឋលេខាធិការដ្ឋានទំនាក់ទំនងសភាជាមួយនឹងអគ្គលេខាធិការដ្ឋានអធិការកិច្ចរាជរដ្ឋាភិបាល ឱ្យទៅជាក្រសួងមួយដែលទទួលខុសត្រូវទៅលើអធិការដ្ឋានកិច្ចនេះមានឈ្មោះថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។ បន្តបន្ទាប់នឹងមកដល់ថ្ងៃទី២២ ខែសីហាឆ្នាំ២០២៣ រូបឯកឧត្តមត្រូវបានរាជរដ្ឋាភិបាលតែងតាំងជារដ្ឋមន្រ្តី ក្រសួងអធិការកិច្ចឡើងតែម្តង។

ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ដែរថា៖ បេសកម្មរបស់ក្រសួងអធិការកិច្ចត្រូវបានរាជរដ្ឋាភិបាលប្រគល់ជូនតាមរយៈស្មារតីនៃអនុក្រិត្យ ០៣ ដែលក្នុងអនុក្រិត្យនេះបានប្រគល់បេសកម្មដល់ក្រសួងដោយបានគូសរំលេចថាក្រសួងអធិការកិច្ចមានបេសកម្មធ្វើអធិការកិច្ចលើគ្រប់វិស័យទាំងក្នុងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងព្រះរាជាណាចក្រកម្ពុជាសំដៅបង្ការ ទប់ស្កាត់ និងមានវិធានការផ្សេងៗដើម្បីប្រឆាំងនឹងអំពើពុករលួយ ការរំលោភអំណាច និងបាតុភាពអសកម្មនានា។ ក្រៅពីនេះក្រសួងមួយនេះក៏មានបេសកម្មពីរាជរដ្ឋាភិបាលក្នុងការតាមដានអនុវត្តច្បាប់ដែលជាបេសកម្មមួយយ៉ាងសំខាន់ផងដែររបស់ក្រសួង។ ក្រៅពីនេះរាជរដ្ឋាភិបាលក៏បានឱ្យក្រសួងអធិការកិច្ចទទួលខុសត្រូវលើវិស័យទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវពីប្រជាពលរដ្ឋ និងក្រសួងមានសមត្ថកិច្ចមានភារកិច្ចអង្កេតស្រាវជ្រាវ សើបអង្កេតទៅដល់គ្រប់បុគ្គលទាំងអស់ដែលអាចប្រជាពលរដ្ឋនីតិបុគ្គល បុគ្គលក្រុមហ៊ុន អង្គការ ជាដើម ។

ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់បន្ថែមថា៖ក្នុងពេលដែលរូបឯកឧត្តមបានមកកាន់ស្ថាប័ននៃក្រសួងមួយនេះបានដាក់ចេញនូវផែនការសកម្មភាព៤សំខាន់ៗគឺ៖ទី១ការពង្រឹងសមត្ថភាពស្ថាប័ន,ទី២ ការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សឱ្យទៅជាមូលធនមនុស្ស,ទី៣ការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធនឹងការងារអធិការកិច្ចដែលក្នុងនោះក្រសួងកំពុងកសាងសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច និងអនុក្រិត្យមួយចំនួនទៀត,ទី៤ ការកសាង និងថែរក្សាបរិយាកាសនិងសុខដុមនីយកម្មនៅក្នុងក្រសួងក៏ដូចជាអង្គភាពទាំងក្នុងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ថា៖”សម្រាប់វិស័យដែលខ្ញុំទទួលមានចំនួន ៣ គឺនៃការងារអធិការកិច្ច ការងារតាមដានការអនុវត្តច្បាប់និងការងារទទួលពាក្យបណ្តឹងនិងអង្កេតស្រាវជ្រាវ”។

គួរបញ្ជាក់ថា៖ នេះជាលើកទី១នៃក្លិបអ្នកកាសែតកម្ពុជាដែលបានរៀបចំវេទិកាពិភាក្សាទាក់ទងនឹងវិស័យអធិការកិច្ចដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការងារអធិការកិច្ចលើគ្រប់វិស័យនៅកម្ពុជាសំដៅបង្ការទប់ស្កាត់កែលម្អនឹងមានវិធានការ ដើម្បីប្រឆាំងនឹងអំពីពុករលួយ និងបាតុភាពអសកម្មនានា ៕

អត្ថបទ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner