កម្ពុជា-ឥណ្ឌូនេស៊ីបញ្ជាក់ពីការ ពង្រឹងកិច្ចសហការលើ ការបណ្តុះ បណ្តាល វិជ្ជាជីវៈ
ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកអគ្គ រាជទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានលើកឡើងពីការពិនិត្យ លទ្ធភាព ផ្តល់អាហាររូបករណ៍ដល់ពលរដ្ឋកម្ពុជាលើជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលប្រទេសឥណ្ឌូនេស៊ីមានសក្តានុពល និងលទ្ធភាពនៃការផ្លាស់ប្តូរ សិក្ខាកាមផ្នែកបច្ចេកទេសវិជ្ជាជីវៈរវាងប្រទេសទាំងពីរ។
ចំណុចទាំងនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ និងឯកឧត្តម Santo Darmosumarto នៅទីស្តីការក្រសួងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤។
ប្រភពក្រសួងការងារបានឱ្យដឹងថា៖កិច្ចការពិភាក្សារបស់មន្រ្តីជាន់ខ្ពស់ នៃ ប្រទេសទាំងពីរ នឹងក្លាយជាចលករសំខាន់សម្រាប់ជួយជ្រោម ជ្រែង ទំនាក់ទំនងរវាងប្រជាជន និង ប្រជាជន និងប្រទេសទាំងពីរឱ្យ កាន់ តែស្អិតរមួតថែមទៀត។
ភាគីទាំងពីរ ក៏បានជជែក និងចែករំលែកពីទស្សនៈវិស័យក្នុងនាម ប្រទេស បញ្ជូនពលករទៅកាន់ពិភពលោកដូចគ្នា។ ក្នុងនោះឯកឧត្តម ឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់ក្រសួងការងារ និងរាជរដ្ឋា ភិបាលទាំងមូលដែលបានមើលថែពលរដ្ឋខ្លួនដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសកម្ពុជាដោយគ្មានការរើសអើង។
ចំណែកឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បានគូសបញ្ជាក់ទៅកាន់ ភាគី ឥណ្ឌូនេស៊ីថា ក្រសួងការងារក្នុងនាមជាប្រទេសទទួល និង ក្នុងនាម ជាមិត្តនៅក្នុងតំបន់អាស៊ាន ការផ្តល់ការគោរពសិទ្ធិដល់ ពលរដ្ឋ ទូទៅ និងជនបរទេសជាកាតព្វកិច្ចដែលកម្ពុជាត្រូវធ្វើឱ្យល្អបំផុតជាពិសេសក្នុងអាណត្តិទី៧នេះ ដែលក្រសួងបានយកចិត្តទុកដាក់ជាអាទិភាពមិនថា ពលរដ្ឋបរទេសក្នុងទឹកដីកម្ពុជា ឬពលរដ្ឋកម្ពុជាដែលចេញទៅបម្រើ ការនៅ បរទេស នោះទេ៕
ដោយ៖ម៉ាដេប៉ូ