បិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ លើក ទី២ នៅសាលានគរបាលជាតិភូមិភាគ៤
សៀមរាប៖ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប កាល ពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា និង បិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ ដល់សិស្សនគរបាលជ័យលាភីចំនួន១៩២នាក់។
ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សាយ វិទ្ធីសក្តិ នាយកសាលាបានថ្លែង សុន្ទរកថាស្វាគមន៍និងរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្តុះបណ្តាល និងដំណើរការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានារបស់សាលា នគរបាលជាតិភូមិភាគ៤។
ថ្លែងទៅកាន់អ្នកចូលរួមឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងថា ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់និង ផ្តល់អាទិភាពខ្ពស់ដល់ ការងារ អប់រំបណ្តុះបណ្តាល ព្រមទាំងដាក់ចេញនូវផែនការកំណែទម្រង់លើកង កម្លាំងនគរបាលជាតិជាប់ជាប្រចាំ ស្របតាមគោលនយោបាយ របស់ រាជរដ្ឋាភិបាល ដោយបានផ្ដោតសំខាន់ទៅលើ ការធ្វើទំនើបកម្មនិង ការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅ នឹងការវិវត្តនៃស្ថានការណ៍ សន្តិសុខជាតិនិងអន្តរជាតិ ព្រមទាំងឆ្លើយ តបនឹងតម្រូវការនៃអង្គភាពនគរបាល។
ឯកឧត្តមអភិសន្តិបណ្ឌិតក៏ បានថ្លែងកោតសរសើរចំពោះ វឌ្ឍនភាព យ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់របស់បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ៤ ក្នុងយុគសម័យតេជោសន្តិភាព ដែលប្រទេសជាតិកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ។ឯកឧត្តម បន្តថា ការបណ្ដុះបណ្ដាលនេះ ក្នុងគោលបំណងពង្រឹង សមត្ថភាព ជំនាញ និងលើកកម្ពស់ការគោរពក្រមសីលធម៌ វិជ្ជាជីវៈរបស់កងកម្លាំង នគរបាលជាតិឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមកម្មវិធី នយោ បាយនិងយុទ្ធ សាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងទស្សនៈវិស័យជឿនលឿន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់សប្បុរស ជន ទាំងអស់ ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុង ការ អភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជានិងសាលានគរបាល ជាតិភូមិ ភាគ៤។
សូមជម្រាបផងដែរថា ហេដ្ឋារចនាសម្ព័ន្ធដែលកំពុងស្ថាបនា រួមមាន ផ្លូវបេតុងប្រវែង១៩០០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹកប្រវែង៥០០ម៉ែត្រ ដែលជាអំណោយរបស់ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ អតីតអភិបាលខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ,ការចាក់ដីបំពេញក្នុងបរិវេណ សាលាទាំងមូលជាការជួយ ឧបត្ថម្ភរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភ ដើម្បីកែលម្អសោភណភាពសាលា ឱ្យកាន់តែ ប្រសើរឡើងផងដែរ៕
ដោយ៖ ស៊ាន សុផាត