អាមេរិក-កូរ៉េខាងត្បូងធ្វើសមយុទ្ធយោធារួមគ្នា លើកដំបូង ក្នុងឆ្នាំ២០២៤
សេអ៊ូល៖ សមយុទ្ធយោធារួមគ្នាជាលើកដំបូង សម្រាប់ឆ្នាំ២០២៤ រវាងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវបានរៀបចំធ្វើឡើង នៅ ជិតតំបន់គ្មានយោធា ហៅកាត់ថា DMZ។
នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ការហ្វឹកហ្វឺនយោធារួមគ្នា ជាលើកដំបូង រវាងកូរ៉េខាងត្បូង-អាមេរិក សម្រាប់ឆ្នាំថ្មី ឆ្នាំ២០២៤ ត្រូវបានរៀបចំធ្វើ នៅឯទីលាន Seungjin ស្ថិតនៅក្នុងទីក្រុង Pocheon ក្បែរនឹងតំបន់គ្មានយោធា ហៅកាត់ថា DMZ ដែលគេដឹងថា ក៏ស្ថិតនៅជិតនឹងព្រំដែនកូរ៉េខាងជើងផងដែរ។
ផ្អែកតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ដែលបានដកស្រង់ប្រភពពីកងទ័ពកូរ៉េខាងត្បូង បានឲ្យដឹងថា សមយុទ្ធយោធារួមគ្នានេះ ត្រូវបានធ្វើឡើង ជាងមួយសប្តាហ៍ ដោយចាប់ផ្តើម តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ហើយបានបញ្ចប់ នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។
កងពលធំថ្មើរជើងរបស់កូរ៉េខាងត្បូង និងកងពលតូច Stryker របស់កងទ័ពអាមេរិក បានរួមគ្នាធ្វើលំហាត់ហ្វឹកហ្វឺនបាញ់ប្រយុទ្ធ ដែលពាក់ព័ន្ធនឹងរថក្រោះ K1A2 និង ប្រព័ន្ធ K30 Biho ដែលជាអាវុធប្រឆាំងយន្តហោះ ដោយខ្លួនឯង និងរថពាសដែក IAV Stryker ជាច្រើនគ្រឿង។
ការហ្វឹកហ្វឺននេះ ត្រូវបានធ្វើឡើង ដើម្បីផ្ទៀងផ្ទាត់ប្រតិបត្តិការអន្តរជាតិ នៃកងកម្លាំងចល័ត អាវុធបាញ់ដ៏មានសក្តានុពល ការបញ្ជា និងគ្រប់គ្រងយុទ្ធភណ្ឌរបស់ក្រុមសមរភូមិ រួមបញ្ចូលគ្នា រវាងកូរ៉េខាងត្បូង-អាមេរិក ក្នុងស្ថានភាពសន្តិសុខធ្ងន់ធ្ងរ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត