រដ្ឋមន្ត្រី ហួត ហាក់ បកស្រាយកិច្ចការខុសគ្នារវាងក្រសួងអធិការកិច្ច, អង្គភាពអាជ្ញាធរសវនកម្មជាតិ និងអង្គភាពប្រឆាំងពុករលួយ (Video Inside)
រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លោក ហួត ហាក់ បានធ្វើការបកស្រាយ ជុំវិញសមត្ថកិច្ចរបស់ក្រសួងលោក ដែលកន្លងមកតែងមានការនិយាយថា បានធ្វើកិច្ចការជាន់គ្នាជាមួយនឹងអាជ្ញាធរសវនកម្មជាតិ និងអង្គភាពប្រឆាំងអំពើពុករលួយ។
លោករដ្ឋមន្ត្រីបានថ្លែងថាអាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នឯករាជ្យ ចំណែកអង្គភាពប្រឆាំងនឹងអំពើពុករលួយ មានសិទ្ធិកោះហៅ និងចាប់ខ្លួននរណាម្នាក់ ពេលរកឃើញមានកំហុស។ ហើយអង្គភាពប្រឆាំងអំពើពុករលួយ ក៏មានសិទ្ធិដោះលែងវិញដែរ បើសិនអ្នកត្រូវបានឃាត់ខ្លួននោះ ត្រូវគេរកឃើញមិនមានកំហុស។
ចំណែកក្រសួងអធិការកិច្ចវិញ គឺជាក្រសួងមានសមត្ថកិច្ចចុះត្រួតពិនិត្យស្រាវជ្រាវ នៅតាមស្ថាប័នទាំងរឿងល្អ និងមិនល្អ។ លោកថា បើឃើញថាស្ថាប័ននោះល្អ ក្រសួងនឹងជួយផ្សព្វផ្សាយឲ្យយកជាគម្រូ ប៉ុន្តែបើធ្វើអធិការកិច្ចទៅមានកំហុស ក្រសួងអធិការកិច្ចនឹងបន្តនីតិវិធី។
លោកបានថ្លែងថានីតិវិធីនោះ បើសិនជាកំហុសតូចតាច, ស្ថាប័ននោះនឹងត្រូវណែនាំអប់រំ និងកែប្រែ ប៉ុន្តែបើធ្ងន់ធ្ងរ ត្រូវស្រាវជ្រាវឲ្យច្បាស់ និងធ្វើរបាយការណ៍ជូនសម្តេចនាយករដ្ឋមន្ត្រីដើម្បីចាត់វិធានការ។
ទោះជាយ៉ាងណាក៏ដោយលោកបានថ្លែងនៅថ្ងៃទី៤មករា នៅក្នុងក្រសួងអធិការកិច្ច តាមរយៈវេទិកាពិភាក្សាមួយរបស់ក្លឹបអ្នកកាសែតកម្ពុជា បញ្ជាក់ថា ក្រសួងទាំងបី មានភារកិច្ចរួមគ្នាមួយនោះ គឺការប្រឆាំងអំពើពុករលួយ និងភាពអសកម្មនានា កើតឡើងក្នុងប្រទេសកម្ពុជា។