ក្រសួងមហាផ្ទៃចេញប្រកាសកំណត់ចំនួនមន្ត្រីធ្វើការតាមប៉ុស្តិ៍ច្រកទ្វារ (Video Inside)
ក្រសួងមហាផ្ទៃ បានកំណត់អាណត្តិច្បាស់លាស់សម្រាប់កិច្ចការរបស់នាយ និងនាយរងប៉ុស្ដិ៍នគរបាល ជាមួយនឹងការកំណត់ចំនួនមនុស្ស ដែលត្រូវធ្វើការសម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្ដរជាតិ។
ការកំណត់នេះ បានធ្វើឡើងតាមរយៈប្រកាសមួយរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបណ្តាញសារព័ត៌មានទើបបានទទួលនៅថ្ងៃនេះ។ ការកំណត់នេះ បានទន្ទឹមនឹងសេចក្តីរាយការណ៍ខ្លះនិយាយថា ចំនួននាយរងប៉ុស្ដិ៍នគរបាលតាមច្រកខ្លះ មានច្រើន ដែលក្រសួងចាំបាច់ត្រូវតែកំណត់ឱ្យបានច្បាស់លាស់។
ក្នុងចំណោមប៉ុស្តិ៍នគរបាលសម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្ដរជាតិចំនួន២៧, ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិបាវិត និងនៅប៉ោយប៉ែត ត្រូវបានកំណត់ចំនួននាយរងប៉ុស្តិ៍ច្រើនជាងគេដល់ចំនួន ២៤នាក់។ ក្រៅពីនោះ ច្រកខ្លះមានរវាងពី ៤រូប ដល់ ១៥រូបនោះទេ។ ប៉ុស្តិ៍នគរបាល ច្រកទ្វារកំពង់ផែអន្តរជាតិឧកញ៉ាម៉ុង និងច្រកទ្វារអន្តរជាតិស្ទឹងហាវ ត្រូវបានកំណត់ឱ្យមាននាយរងប៉ុស្តិ៍ចំនួន ៤នាក់តិចជាងគេ។
ប្រកាសរបស់រដ្ឋក្រសួងមហាផ្ទៃដដែល បានបញ្ជាក់ថានាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ នឹងត្រូវបម្រើការងាររយៈពេល ៤ឆ្នាំយ៉ាងយូរ។
ប្រកាសដដែលបាននិយាយបន្តថា នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារ ដែលត្រូវបានចប់អាណត្តិ នឹងត្រូវតែងតាំងមុខតំណែងថ្មី ឬត្រូវតែងតាំងជានាយ ឬនាយរងប៉ុស្តិ៍នគរបាល ច្រកទ្វារផ្សេងទៀតសម្រាប់អាណត្តិបន្ទាប់។
ប្រកាសដដែលនិយាយថា ចំនួនមុខតំណែងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារណា ដែលមានចំនួនលើសពីការកំណត់ ត្រូវរក្សាទុកនៅដដែលសិន។ ប្រកាសដដែលបន្តថា ក្នុងករណីមុខតំណែងនោះនៅទំនេរដោយមូលហេតុ ចូលនិវត្តន៍ ឬផ្ទេរចេញ ឬមូលហេតុផ្សេងទៀតនោះ នឹងមិនត្រូវបានបំពេញបន្ថែមឡើយ ដោយរក្សាទុករហូតដល់មានចំនួន ស្ថិតនៅក្រោមការកំណត់ដូចបានចែងរួចមកនេះ។