កម្ពុជារកឃើញអ្នកឆ្លងជម្ងឺអុតស្វា ២ករណីថែមទៀត (Video Inside)
ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីជំងឺអុតស្វាចំនួន ២ករណីបន្ថែមទៀត ដែលនាំឲ្យការរកឃើញអ្នកឆ្លងជំងឺអុតស្វា បានកើនឡើងចំនួន ៤ករណីហើយ។ ក្រសួងសុខាភិបាលតាមរយៈសេចក្តីប្រកាសមួយរបស់ខ្លួននាថ្ងៃទី៣ មករា មិនមានបញ្ជាក់អត្តសញ្ញាណលើអ្នកឆ្លងជំងឺអុតស្វា ២ករណីចុងក្រោយនេះឡើយ។
សេចក្តីរាយការណ៍ពីក្រសួងសុខាភិបាលគ្រាន់តែបានបញ្ជាក់ថា បច្ចុប្បន្នអ្នកជំងឺទាំងពីរនាក់នោះ ត្រូវដាក់ឲ្យនៅដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យយ៉ាងត្រឹមត្រូវ។
វីរុសអុតស្វានេះ ត្រូវគេរាយការណ៍ថា មានប្រភពកើតនៅតំបន់ដាច់ស្រយ៉ាល នៃអាហ្វ្រិកកណ្ដាល និងអាហ្វ្រិកខាងលិច និងក្រោយមកបានឆ្លងរាលដាលមកប្រទេសដទៃ តាមរយៈទេសចរណ៍មកពីទ្វីបអាហ្វ្រិច។
ជម្ងឺអុតស្វានេះ ត្រូវគេរកឃើញកើតឡើងដំបូង ក្នុងប្រទេសកម្ពុជា កាលពីខែសីហា ឆ្នាំ២០២២ កើតលើជនជាតិនីហ្សេរីយ៉ា និងក្រោយមកកើតលើបុរសម្នាក់ទៀតនៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣។
ជម្ងឺអុតស្វា អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកកើតជំងឺនោះ, និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ, ទឹកសារពាង្គកាយ, ទឹកមាត់, តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូក ជាមួយនឹងវីរុស រួមមានសម្លៀកបំពាក់ ពូក កន្លែង ឬសម្ភារ ស្លាបព្រា ចាន និងកែវទឹកជាដើម។
វីរុសអុតស្វា ក៏អាចឆ្លងពីម្តាយទៅកូនតាមរយៈ ទងសុក ក្នុងអំឡុងពេល ឬក្រោយពេលសម្រាល តាមរយៈការប៉ះពាល់បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយមានជំងឺអុតស្វា។