បណ្តឹងដីធ្លីគឺជាបណ្តឹងច្រើនជាងគេកើតឡើងរយៈពេល៣ខែចុងឆ្នាំ២០២៣ (Video Inside)

បណ្តឹងដីធ្លី គឺជាបណ្តឹងដែលបានកើតឡើងច្រើនបំផុតក្នុងរយៈពេលបីខែចុងឆ្នាំនេះ។ លេខាធិការដ្ឋានរដ្ឋសភា បានថ្លែងថា រយៈពេលជាង៣ខែមកនេះ គេបានទទួលពាក្យបណ្ដឹង និងសំណើសុំអន្តរាគមន៍ពីប្រជាពលរដ្ឋសរុបចំនួន ១០៦រឿង ក្នុងនោះករណីទំនាស់ដីធ្លីមានចំនួនច្រើនជាងគេ។

អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី៤ មករា ឆ្នាំ២០២៤ បានថ្លែងថា គណៈកម្មការរបស់រដ្ឋសភាទទួលបន្ទុកសិទ្ធិមនុស្ស បានទទួលពាក្យបណ្ដឹង និងសំណើសុំអន្តរាគមន៍ពីប្រជាពលរដ្ឋសរុប ចំនួន ១០៦រឿង ហើយបានបញ្ជូនសំណុំរឿងទាំងនោះទៅក្រសួងស្ថាប័នពាក់ព័ន្ធ។

លោកបានថ្លែងថាសមត្ថកិច្ចបានធ្វើការដោះស្រាយចំនួន ៤៤រឿង កំពុងពិនិត្យសិក្សាចំនួន ៦១រឿង និងទទួលលិខិតឆ្លើយតបអំពីលទ្ធផលដោះស្រាយ របស់ក្រសួងស្ថាប័នមានសមត្ថកិច្ចចំនួន ១៤រឿងទៀត។

ទំនាស់ដីធ្លី គឺជាទំនាស់ដ៏រ៉ាំរ៉ៃដែលកើតមានស្ទើរនៅគ្រប់ខេត្ត និងក្រុងនានា ខណៈដែលមានសេចក្តីរាយការណ៍ខ្លះចោទថា ការដោះស្រាយខ្លះ បានលំអៀងទៅបុគ្គលនេះ ឬបុគ្គលនោះ ដោយសារតែអំណាចលុយកាក់ និងអំណាចជាដើម ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានដាក់បញ្ជាការពង្រឹងដោយប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌។

សម្តេចធិបតីបានបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះសា្រយវិវាទឱ្យបានឆាប់រហ័ស ជាពិសេសសសវិវាទរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ការជម្រុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ឱ្យបានឆាប់រហ័ស សម្តៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាយុត្តិធម៌ជួនប្រជាពលរដ្ឋ និងការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ សម្តៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលដ្ឋ ក៏ដូចជាការលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ នៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។

ads banner