អាកាសចរណ៍ស៊ីវិលបំភ្លឺមូលហេតុដែលយន្តហោះ Airbus 330-202 ហោះក្រឡឹងច្រើនសិបដងនៅលើចំណុចខេត្តកែប (Video Inside)
ក្តីសង្ស័យមួយពាក់ព័ន្ធនឹងការឃើញយន្តហោះ Airbus 330-202 ដែលបានហោះក្រឡឹងទៅ ក្រឡឹងមក ប្រមាណជា ៤០ជុំនៅពីលើចំណុចខេត្តកែប នៃប្រទេសកម្ពុជា រយៈពេលជាង ៣ម៉ោងនារសៀលថ្ងៃទី៣មករារួចមកនេះ ត្រូវបានបកស្រាយចម្ងល់ហើយ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថាបានថ្លែងបញ្ជាក់ថា យន្តហោះ Airbus 330-202 ដែលផ្ទុកអ្នកដំណើរជិត ២០០នាក់ បានចេញពីអាកាសយានដ្ឋានភូគុក PHU QUOC នៃប្រទេសវៀតណាម ទៅកាន់ប្រទេសម៉ុងហ្គោលី។
ប៉ុន្តែដោយសារ តែយន្តហោះនេះ បានជួបនឹងបញ្ហាច្ចេកទេសនៅត្រង់ស្លាបរបស់ខ្លួន នាវេលាម៉ោង៣ និង៣៥នាទីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នោះ គឺតម្រូវឱ្យយន្តហោះនេះ ត្រូវវិលត្រឡប់ទៅកាន់ព្រលានដើមរបស់ខ្លួននៅវៀតណាមវិញ ដោយមិនហ៊ានប្រថុយការធ្វើដំណើររយៈពេល ១៥ម៉ោង ៥៩នាទីទៅកាន់ប្រទេសម៉ុងហ្គោលីឡើយ។
យោងតាមបច្ចេកទេស, យន្តហោះដែលមានប្រេងសាំងពេញត្រៀមធ្វើដំណើរឆ្ងាយដល់ប្រមាណ១៦ម៉ោងនេះ នឹងអាចចុះចតដោយសុវត្ថិភាពវិញបាន លុះត្រាណាតែសាំងនៅសល់តិច។ ហេតុដូច្នេះហើយ ដើម្បីរក្សាសុវត្ថិភាព យន្តហោះ Airbus 330-202 ត្រូវគេឃើញបានហោះហើរក្នុងគន្លងវិលជុំដដែល ដើម្បីធ្វើឱ្យសាំងនៅសល់តិច ទើបអាចចុះចតវិញបាន។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងថា យន្តហោះ Airbus 330-202 មិនបានហោះចូលក្នុងដែនអាកាសកម្ពុជាឡើយ។ យន្តហោះនេះ ក្រោយមកបានចុះចតនៅព្រលានយន្តហោះ PHU QUOC នៃប្រទេសវៀតណាមវិញ នៅម៉ោង៧ និង១០នាទីយប់ថ្ងៃទី៣មករាឆ្នាំ២០២៣ដោយសុវត្ថិភាព។