សមត្ថកិច្ចចោទប្រកាន់ជនបរទេសបួនរូបពាក់ព័ន្ធការសម្លាប់ជនជាតិចិន (Video Inside)

សមត្ថកិច្ចបានចោទប្រកាន់ជនបរទេស៤រូប ក្នុងចំណោម ៣៧រូប ដែលបានឃាត់ខ្លួន ក្រោយហេតុការណ៍ឈ្លោះប្រកែក និងបានចាក់សម្លាប់ជនជាតិចិនម្នាក់ នៅចំណុចខុនដូ Prince International Plaza ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ជនបរទេសប្រុសស្រីជាច្រើនសិបនាក់ បានធ្វើការផឹកស៊ីជួបជុំគ្នា និងមានប្រើប្រាស់គ្រឿងញៀនផងទៀត។ នៅក្នុងហេតុការណ៍នោះ ស្រាប់តែមានទំនាស់រឿងលុយជំពាក់ ក៏កើតចេញជាជម្លោះដេញវាយគ្នា ពេញក្នុងអាគារតាំងពីជាន់ខាងលើ រហូតមកដល់ជាន់ផ្ទាល់ដី។

បុរសម្នាក់ត្រូវគេនិយាយថា បានដកកាំបិតចាក់ទៅលើជនរងគ្រោះម្នាក់ បានស្លាប់រួចជនដៃដល់នោះ បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។ រីឯបក្ខពួកជាច្រើននាក់ទៀត បាននាំគ្នារត់គេចទៅសំងំនៅជាន់ខាងលើ។ អ្នកយាមប្រចាំការក្នុងអគារ បានរាយការណ៍ទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដែលបានដឹកនាំកម្លាំងចុះមកបង្ក្រាបតែម្តង។

សមត្ថកិច្ចបានចាប់ខ្លួនជនជាតិចិន ៣៥នាក់ និងជនជាតិវៀតណាម ២នាក់ រួមនឹងវត្ថុតាង កាំភ្លើងខ្លីមួយដើម, កាំបិត, ដំបងឆក់, ថ្នាំញៀន និងវត្ថុតាងមួយចំនួនផ្សេងទៀត។ សមត្ថកិច្ចនៅថ្ងៃនេះបានចោទប្រកាន់ជនជាតិចិន ៤នាក់ពាក់ព័ន្ធនឹងការធ្វើឱ្យបុរសជាតិចិនជាជនរងគ្រោះបានស្លាប់។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីលោកវរសេនីយ៍ឯក សំ វិច្ឆិកា នារសៀលថ្ងៃទី៤មករា បានបញ្ជាក់នូវចំណាត់ការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញក្រុមបរទេសដែលប្រព្រឹត្តអំពើខុសច្បាប់នេះ។

ads banner