បង់ក្លាដែសនឹងរៀបចំការបោះឆ្នោតសកល នៅថ្ងៃអាទិត្យ តែបក្សប្រឆាំងធ្វើពហិការ
ដាក្កា៖ ប្រទេសបង់ក្លាដែសគ្រោងនឹងរៀបចំការបោះឆ្នោតជាតិ នៅថ្ងៃអាទិត្យ ទី៧ ខែមករា ចុងសប្តាហ៍ ខាងមុខនេះ។ យ៉ាងណាមិញ ក្រុមប្រឆាំង ដោយខ្លះ និរទេសខ្លួននៅក្រៅប្រទេសផង បានចោទប្រកាន់ការបោះឆ្នោតនេះថា ជារឿងអាម៉ាស់ ហើយបានធ្វើពហិការ មិនចូលរួម។
លោកស្រី Sheikh Hasina នាយករដ្ឋមន្ត្រីនៃប្រទេសបង់ក្លាដែស កាលពីថ្ងៃទី៤ ខែមករា បានធ្វើយុទ្ធនាការឃោសនាចុងក្រោយរបស់ខ្លួន។ លោកស្រីបានប្រាប់ក្រុមអ្នកគាំទ្រ និងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានពីព្រឹក នៅថ្ងៃអាទិត្យ ខាងមុខនេះ។
លោកស្រី Hasina បានលើកឡើងថា «សូមអញ្ជើញទៅការិយាល័យបោះឆ្នោត ហើយបោះឆ្នោតនៅពេលព្រឹក ដើម្បីបង្ហាញពិភពលោកឲ្យដឹងថា ពួកយើងដឹងច្បាស់ អំពីរបៀប រៀបចំការបោះឆ្នោត ដោយសេរី និងយុត្តិធម៌»។
លោកស្រី Hasina ដែលបានកាន់អំណាច ចាប់តាំងពីឆ្នាំ២០០៩ បានប្តេជ្ញាម្តងហើយម្តងទៀតថាការបោះឆ្នោតនេះ នឹងក្លាយជាការបោះឆ្នោតគួរឱ្យជឿជាក់។ ជាការសន្យា បន្ទាប់ពីអ្នកសង្កេតការណ៍បាននិយាយថា មានភាពមិនប្រក្រតីចំពោះជ័យជំនះកន្លងមករបស់គណបក្សលោកស្រី អំឡុងការបោះឆ្នោត ឆ្នាំ២០១៤ និង ឆ្នាំ២០១៨ ដោយផ្អែកតាមការស្ទង់មតិ។
សម្រាប់ការបោះឆ្នោត នៅឆ្នាំ២០២៤នេះ ត្រូវបានក្រុមគណបក្សប្រឆាំង ដែលដឹកនាំដោយគណបក្សជាតិនិយមបង់ក្លាដែស ហៅកាត់ BNP និងបក្សពួកផ្សេងទៀតបានធ្វើពហិការ មិនចូលរួមការបោះឆ្នោត។ ពួកគេបានដោយទាមទារឱ្យ លោកស្រី Hasina ចុះចេញពីតំណែង និងតស៊ូមតិ ដើម្បីអ្វីដែលពួកគេហៅថា «ការបោះឆ្នោត ដោយសេរី និងយុត្តិធម៌»។ ទន្ទឹមនឹងនេះ គណបក្សប្រឆាំងថែមទាំងបានអំពាវនាវឲ្យធ្វើកូដកម្មទូទាំងប្រទេស ដើម្បីតវ៉ាចំពោះការបោះឆ្នោត ខាងមុខនេះ ទៀតផង។
មេបក្សប្រឆាំង និរទេសខ្លួននៅក្រៅប្រទេស លោក Tarique Rahman បានប្រាប់ AFP នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយថា «ការបោះឆ្នោតរបស់ប្រទេសបង់ក្លាដែស នៅថ្ងៃអាទិត្យ នឹងក្លាយជា រឿងអាម៉ាស់ ។ ជាការរៀបចំឡើង ដើម្បីពង្រឹងអំណោចគ្រប់គ្រងប្រទេស របស់នាយករដ្ឋមន្ត្រី Sheikh Hasina» ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


