អ៊ីតាលីគ្រោងព្យួរតំណែងសមាជិកសភា ដែលបានយកកាំភ្លើងចូលរួមពិធីជប់លៀង នៅថ្ងៃចូលឆ្នាំ

រ៉ូម៖ នាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីតាលីបានប្រកាសអំពីគម្រោងព្យួរតំណែងសមាជិកសភាម្នាក់ ដែលបានយកកាំភ្លើង ទៅចូលរួមក្នុងពិធីជប់លៀងមួយ នៅថ្ងៃចូលឆ្នាំថ្មី។ នាពេលនោះ មានមនុស្សម្នាក់ត្រូវបានបាញ់ប្រហារ ឲ្យរងរបួស។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ អ្នកស្រី Giorgia Meloni នាយករដ្ឋមន្រ្តីអ៊ីតាលីបានរៀបរាប់ថា អ្នកស្រីមិនបានដឹងច្បាស់អំពីការពិត ក្នុងហេតុការណ៍នោះទេ។ អ្នកស្រីគ្រាន់តែនិយាយថា «ម្ចាស់កាំភ្លើងរូបនេះ មិនទាន់ទទួលខុសត្រូវ នៅឡើយទេ» ។

អ្នកស្រី Meloni បាននិយាយទៀត អ្នកស្រីបានស្នើឲ្យបញ្ជូនករណីនេះ ទៅគណៈកម្មការ គណបក្ស ហើយរង់ចាំការសម្រេចចិត្តថា តើសមាជិកសភាពរូបនេះ នឹងត្រូវព្យួរតំណែង ឬ យ៉ាងណា។

អ្នកស្រីបានបញ្ជាក់ថា «ស្ថានភាពបែបនេះ មិនអាចទទួលយកបាន ចំពោះជនជាតិអ៊ីតាលីរូបណាក៏ដោយ ដែលធ្វើរឿងនេះ មិនថាជាសមាជិកសភា នៃប្រទេសអ៊ីតាលី ក៏ដោយ» ។

សមាជិកសភានៃប្រទេសអ៊ីតាលី លោក Emanuele Pozzolo បានសារភាពថា លោកជាម្ចាស់កាំភ្លើងខ្លីនេះ ប៉ុន្តែ លោកបាននិយាយថា លោកមិនបានបាញ់ទេ។ ពេលនោះ មានអ្នកចូលរួមកម្មវិធីជប់លៀងម្នាក់ត្រូវបានបាញ់ចំភ្លៅ ក៏ប៉ុន្តែ មិនរងរបួសធ្ងន់ធ្ងរក៏ដោយ។ ឧបទ្ទវហេតុនេះបានជំរុញឱ្យមានការរិះគន់ ពីអ្នកនយោបាយបក្សប្រឆាំង និងធ្វើឱ្យមានព័ត៌មាន ភ្ញាក់ផ្អើលជុំវិញពិភពលោក។

ជាមួយគ្នានេះដែរ រដ្ឋអាជ្ញាបានបើកការស៊ើបអង្កេត លើឧបទ្ទវហេតុនេះ ថាតើជាការបង្ករបួសដោយអចេតនា ឬ ការធ្វេសប្រហែសណាមួយ មិនអាចគ្រប់គ្រងអាវុធ នាពេលនោះ។

ជនរងគ្រោះ ត្រូវបានគេរាយការណ៍ថា ជាកូនប្រសាររបស់អង្គរក្ស របស់អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ គេដឹងដែរថា ពិធីជប់លៀងនោះ រៀបចំឡើង នៅក្នុងទីក្រុង Rosazza ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner