មេដឹកនាំកូរ៉េខាងជើងអំពាវនាវឱ្យពង្រីកការផលិតកាំជ្រួចមីស៊ីល
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយ នៅថ្ងៃសុក្រទី៥ ខែមករាថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការពង្រីកការផលិតកាំជ្រួចមីស៊ីល ដើម្បីត្រៀមសម្រាប់ ការប្រយុទ្ធជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានឲ្យដឹងថា
ការអត្ថាធិប្បាយរបស់លោក គីម បានធ្វើឡើង ភ្លាមៗ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បាននិយាយថា រុស្ស៊ីបានប្រើប្រាស់មីស៊ីលផ្លោង និងគ្រាប់ផ្លោង ដែលផ្តល់ដោយកូរ៉េខាងជើង ក្នុងការវាយប្រហារដ៏ក្តៅគគុក នាពេលថ្មីៗនេះ លើទីក្រុងនានា ក្នុងប្រទេសអ៊ុយក្រែន។
រូបភាពរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានបង្ហាញពី លោក Kim កូនស្រីពៅរបស់លោក ឈ្មោះថា Ju Ae មានវត្តមាននៅក្នុងរោងចក្រផលិតឧបករណ៍បាញ់កាំជ្រួចដឹកជញ្ជូន ហៅកាត់ TEL ដែលប្រើប្រាស់សម្រាប់ កាំជ្រួចអន្តរទ្វីប។
លោក Kim បានប្រាប់ទៅមន្ត្រីក្រោមឱវាទ នាពេលនោះថា ការបង្កើនសមត្ថភាពផលិត TEL គឺមានសារៈសំខាន់ ដោយសារស្ថានភាពធ្ងន់ធ្ងរដែលកំពុងកើតមាន ទាមទារឱ្យប្រទេសនេះ មានការត្រៀមខ្លួនកាន់តែរឹងមាំ សម្រាប់ការប្រយុទ្ធគ្នា ជាមួយសត្រូវ នេះបើតាមការចេញផ្សាយរបស់ KCNA ដដែល។
អ្នកនាំពាក្យនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់អាមេរិក លោក John Kirby ទើបបានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា កាំជ្រួចដែលផ្គត់ផ្គង់ដោយទីក្រុងព្យុងយ៉ាង ដែលមានចម្ងាយប្រហែល ៩០០ គីឡូម៉ែត្រ ត្រូវបានរុស្ស៊ីបាញ់ប្រហារ ពីរលើក ទៅលើអ៊ុយក្រែន កាលពីសប្តាហ៍មុន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
