ប្រទេសប៉េរូថា ខ្លួនមានបក្សីចម្រុះអស្ចារ្យជាងគេ នៅក្នុងពិភពលោក
លីម៉ា៖ រដ្ឋាភិបាលប្រទេសប៉េរូ បានបង្ហាញរបាយការណ៍ចុងក្រោយថា ប្រទេសរបស់ខ្លួនមានសត្វស្លាបចម្រុះដ៏អស្ចារ្យបំផុត នៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ។
យោងតាមរបាយការណ៍ពីរដ្ឋាភិបាលរបស់ប្រទេសប៉េរូ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បានឱ្យដឹងថាប្រទេសប៉េរូ ឥឡូវនេះ មានភាពចម្រុះនៃប្រភេទសត្វស្លាបដ៏អស្ចារ្យបំផុត នៅលើផែនដី។
របាយការណ៍ដដែលបានអះអាងថា ភាពអស្ចារ្យនេះត្រូវបានប្រកាស បន្ទាប់ពីមានការកំណត់អត្តសញ្ញាណ ប្រភេទសត្វបក្សី ថ្មីៗ ចំនួន ១៩ប្រភេទ នៅក្នុងព្រៃអាម៉ាហ្សូន កើនសរុប ដល់១៨៧៩ប្រភេទ។ ប្រភពបានអះអាងទៀតថា ការរាប់បញ្ជូលថ្មីនេះ បានធ្វើឱ្យប្រទេសប៉េរូ នាំមុខប្រទេសជិតខាង ដូចជា កូឡុំប៊ី និងប្រេស៊ីល ជាដើម។
លោក José Carlos Nieto ប្រធានសេវាជាតិនៃតំបន់ធម្មជាតិ របស់ប៉េរូ បាននិយាយថា «យើងបានគ្រប់គ្រងទីតាំងខ្លួនយើងថា ជាប្រទេសដែលមានសត្វបក្សីចម្រុះបំផុត នៅលើពិភពលោក»។
យ៉ាងណាមិញ សេចក្តីប្រកាសនេះមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ ដោយគណៈកម្មាធិការចាត់ថ្នាក់ អាមេរិកខាងត្បូង ហៅកាត់ SACC នៅឡើយទេ។ គេដឹងថា SACC ជាស្ថាប័ន ដែលមានមានទំនាក់ទំនងជាមួយសហភាព អ័រគីដេ អន្តរជាតិ។
បញ្ជីចុងក្រោយរបស់ SACC ចេញផ្សាយ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ បានបង្ហាញថា ប្រទេសប៉េរូ មានប្រភេទសត្វព្រៃ ចំនួន ១៨៦០ ប្រភេទ ខណៈកូឡុំប៊ី មាន១៨៦៩ប្រភេទ ហើយប្រេស៊ីលមាន ១៨៥៩ ប្រភេទ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត