គ.ជ.ប សម្រេចលើបញ្ជីបោះឆ្នោតដំបូងដែលមានការិយាល័យបោះឆ្នោតចំនួន៣៣ការិយាល័យ និងមានអ្នកបោះឆ្នោតចំនួន១១.៧៤៧នាក់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធរៀបចំបញ្ជីបោះឆ្នោតដំបូង ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងការប្តឹងតវ៉ា ឬជំទាស់ និងការដ៉ស្រាយពាក្យបណ្តឹងលើបញ្ជីបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការគ.ជ.ប។

លោក ហេង ស៊ីឡេង សមាជិក គ.ជ.ប បានមានប្រសាសន៍ថា ការរៀបចំបញ្ជីបោះឆ្នោតដំបូងដោយអនុវត្តតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បន្ទាប់ពីទទួលបានបញ្ជីឈ្មោះបោះឆ្នោត រួមនឹងរបាយការណ៍ចុះឈ្មោះបោះឆ្នោតពីអគ្គលេខាធិការដ្ឋានរដ្ឋសភា និងលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោតរួចមក នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស ត្រូវធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ ដោយផ្អែកជាមូលដ្ឋានលើបញ្ជីបេក្ខជនជាត់ឆ្នោតជាតំណាងរាស្ត្រ និងបញ្ជីបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ផ្លូវការ ដែលមានរក្សាទុកឯកសារនៅ គ.ជ.ប។ បន្ទាប់ពីបានពិនិត្យឃើញថាត្រឹមត្រូវអស់ហើយនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត បានបូកសរុបលទ្ធផលនៃការចុះឈ្មោះបោះឆ្នោត ព្រមទាំងបញ្ចូលទិន្នអ្នកបោះឆ្នោតទៅក្នុងប្រព័ន្ធកំព្យូទ័រដើម្បីរៀបចំជាបញ្ជីបោះឆ្នោតដំបូង និងបោះពុម្ពជាពីរច្បាប់ដើម្បីដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេច។

លោកបានបន្តថា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ គ.ជ.ប បានសម្រេចលើបញ្ជីបោះឆ្នោតដំបូងដែលមានការិយាល័យបោះឆ្នោតចំនួន៣៣ការិយាល័យ និងមានអ្នកបោះឆ្នោតសរុបចំនួន ១១.៧៤៧ នាក់ ក្នុងនោះរួមមាន៖ តំណាងរាស្ត្រក្នុងតំណែងមានចំនួន ១២៥នាក់ (ស្ត្រី១៧នាក់) ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងមានចំនួន១១.៦២២នាក់ (ស្ត្រី២.៥៦៨នាក់)។

លោក ហេង ស៊ីឡេង បានបញ្ជាល់ថា បន្ទាប់ពី គ.ជ.ប បានពិនិត្យ និងសម្រេចលើបញ្ជីបោះឆ្នោតដំបូងរួចរាល់ហើយ នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត បានថតចម្លងបញ្ជីបោះឆ្នោតដំបូង ចំនួន៤ (បួន) ច្បាប់បន្ថែមទៀត ដើម្បីរៀបចំវេចខ្ចប់ និងបញ្ជូនទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ដើម្បីធ្វើការបិទផ្សាយជាសាធារណៈ ក្នុងគោលដៅដើម្បីពិនិត្យ និងកែតម្រូវតាមរយៈការប្តឹងតវ៉ា ឬ/និងការប្តឹងជំទាស់។ តាមប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គ.ជ.ប ត្រូវធ្វើការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤៕
ដោយ៖ពលជ័យ

ads banner