ក្នុងឆ្នាំ២០២៤នេះ ក្រសួងបរិស្ថាន សាងសង់អគារសិក្សារចនាបទបែបខ្មែរទំនើប ដល់សិស្សានុសិស្សវិទ្យាល័យចក
ខេត្តត្បូងឃ្មុំ៖ សិស្សានុសិស្សវិទ្យាល័យ ហេង សំរិន ចក បានសម្តែងនូវភាពរីករាយ តាមរយៈស្នាមញញឹម និងបានថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានជួយបំពេញតាមសេចក្តីប្រាថ្នារបស់ពួកគេ តាមរយៈការសាងសង់អគារសិក្សាដែលមានចំនួន ១៦បន្ទប់ ជាន់ផ្ទាល់ដី ៨បន្ទប់ និងជាន់លើចំនួន ៨បន្ទប់ ជាមួយរចនាបទបែបខ្មែរ និងមានបរិស្ថានស្អាត ខ្យល់អាកាសចេញចូលល្អ ដែលបង្កភាពងាយស្រួលដល់ការសិក្សារបស់សិស្សានុសិស្ស។
នៅក្នុងដំណើរចុះពិនិត្យការដ្ឋានសាងសង់បន្ទប់សិក្សាចំនួន ១៦បន្ទប់ក្នុងបរិវេណវិទ្យាល័យ ហេង សំរិន ចក ដែលស្ថិតក្នុងឃុំចក ស្រុកអូ រាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃចន្ទ ទី០៨ មករា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា អគារសិក្សានេះ គឺមានភាពខុសប្លែកពីគេ ពីព្រោះបរិក្ខាសិក្សាទាំងអស់សុទ្ធតែមានលក្ខណៈជាខ្មែរ ហើយគិតគូរជាពិសេសលើបរិស្ថានក្នុងការសិក្សា ដែលនឹងមានភាពងាយស្រួលដល់សិស្សានុសិស្សស្រូបយកចំណេះវិជ្ជាពីលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាទំពាំងល្អស្នងឫស្សីនាពេលអនាគត។
លើសពីនេះ ការសាងសង់ក៏បានយកចិត្តទុកដាក់ផងដែរ ចំពោះសិស្សមានពិការភាព តាមរយៈការរៀបចំឱ្យមានជម្រាលសុវត្ថិភាព ក្នុងគោលបំណងជំរុញឱ្យសិស្សានុសិស្សទាំងអស់ទទួលបានការអប់រំដោយស្មើភាព និងមានសមធម៌ក្នុងការទទួលបានចំណេះដឹងទូទៅ ៕
ដោយ៖ម៉ាដេប៉ូ