ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញចូលរួមខួបអនុស្សាវរីយ៍ លើកទី៤៥ នៃថ្ងៃជ័យជម្នះ ៧ មករា នៅខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអាន សុន្ទរកថា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានន័យថា «ជោគជ័យ និងការសប្បាយរីករាយ របស់ប្រជាជនកម្ពុជា នៅថ្ងៃនេះ គឺពិតជាផ្តើមចេញ ពីជ័យជម្នះ ៧មករា បើគ្មានជ័យជម្នះ៧មករា យើងពិតជាមិនអាចមានអ្វីៗ ដូចថ្ងៃនេះឡើយ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ។
សុន្ទរកថាបន្តថា ស្មារតី៧មករា ចារឹកជាប់ក្នុងមនសិការ របស់ប្រជាពលរដ្ឋកម្ពុជា គ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំង មហាសាមគ្គីជាតិ ដើម្បីកសាង និងការពារមាតុភូមិ ប្រកបដោយវីរភាព ដែលធ្វើឱ្យប្រជាជាតិយើង បានឈានឡើងពីជ័យជម្នះមួយ ទៅកាន់ជ័យជម្នះមួយទៀត ឥតឈប់ឈរ»។
នៅក្នុងឱកាសនោះ លោកវរៈសេនីយ៍ទោ វង្ស សុភី តំណាងយុវជន កងកម្លាំងប្រដាប់អាវុធ និងប្រជាជនទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបង្ហាញពីការចងចាំជានិច្ច នូវថ្ងៃជ័យជម្នះ ៧មករា ដែលបាន សង្រ្គោះ ជីវិតប្រជាជនកម្ពុជានៅទូទាំងប្រទេស ឲ្យរួចផុតពីសេចក្ដីស្លាប់ និងបានរស់ នៅជួបជុំក្រុមគ្រួសារឡើងវិញដោយគ្មានការភ័យខ្លាច ទទួលបាននូវសិទ្ធសេរី គ្រប់បែបយ៉ាងនិងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើន ៕
ដោយ ៖ ជីម ភារ៉ា