ការបញ្ជូនយានរ៉ូបូតទៅចុះចតលើផ្ទៃព្រះចន្ទជាលើកដំបូងរបស់សហរដ្ឋអាមេរិក ប្រឈមនឹងការបរាជ័យ

វ៉ាស៊ីនតោន៖ បេសកកម្មឯកជនជាប្រវត្តិសាស្ត្រ ដើម្បីបញ្ជូនយានរ៉ូបូតអាមេរិកទៅចុះចតនៅលើឋានព្រះចន្ទជាលើកដំបូងបំផុត ក្នុងថ្ងៃចន្ទសប្តាហ៍នេះ កំពុងប្រឈមនឹងការបរាជ័យ បន្ទាប់ពីយានអវកាសនេះបានបាត់បង់ប្រេងយ៉ាងធ្ងន់ធ្ងរ។

ប៉ុន្មានម៉ោងក្រោយបាញ់បង្ហោះ ក្រុមហ៊ុន Astrobotic Technology បានចាប់ផ្តើមរាយការណ៍បញ្ហាបច្ចេកទេស ក្នុងការប៉ន់ប៉ងបញ្ជូនយានរ៉ូបូតទៅចុះចតនៅលើឋានព្រះចន្ទជាលើកដំបូងបំផុត នៅថ្ងៃចន្ទម្សិលមិញ។ នេះជាការប៉ះទង្គិចដ៏ធំមួយ ដល់ក្តីសង្ឃឹមរបស់អាមេរិក ក្នុងការដាក់មនុស្សយន្តដំបូងរបស់ខ្លួននៅលើផ្ទៃព្រះចន្ទក្នុងរយៈពេល ៥ទសវត្សរ៍។ វាគឺជាបេសកកម្ម ស្ថិតក្រោមការដឹកនាំរបស់ឧស្សាហកម្មឯកជន មិនមែនរដ្ឋាភិបាលអាមេរិកនោះទេ។

គួរបញ្ជាក់ថា រ៉ុក្កែតប្រភេទថ្មីសន្លាង ឈ្មោះ Vulcan Centaur របស់ក្រុមហ៊ុន United Launch Alliance បានហោះចាកចេញពីរដ្ឋ Florida កាលពីវេលាម៉ោង២៖១៨នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី៨ ខែមករា (ម៉ោងក្នុងតំបន់) ក្នុងបេសកកម្មលើកទីមួយរបស់វា និងមានផ្ទុកយានរ៉ូបូតឈ្មោះថា Peregrine ផលិតឡើងដោយក្រុមហ៊ុន Astrobotic Technology។

បេសកកម្មនេះ ប្រព្រឹត្តទៅក្រោមកម្មវិធី Commercial Lunar Payload Services (CLPS) របស់ទីភ្នាក់ងារអវកាសអាមេរិក NASA។ យោងតាមផែនការក្នុងពេលអនាគត យាន Peregrine នឹងទៅចុះទៅដល់តំបន់មួយនៃផ្ទៃព្រះចន្ទ ហៅថា Sinus Viscositatis នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner