អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ កំណត់យកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ចាប់ផ្តើម ទទួលពាក្យបណ្ដឹងផ្ទាល់ពីប្រជាពលរដ្ឋ ដើម្បីពិនិត្យ និងសម្រុះសម្រួលដោះស្រាយ
(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ជកនិងដោយមានសមាសភាព ចូលរួមពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាន អជកឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិកនៃ អជក. ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អដកនិង ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតដើម្បីពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗ ក្នុងនោះរួមមាន៖
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានកំណត់យកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ជាកាលបរិច្ឆេទនៃការចាប់ផ្តើមទទួលពាក្យបណ្ដឹង ផ្ទាល់ពីប្រជាពលរដ្ឋ ដើម្បីពិនិត្យ និងសម្រុះសម្រួលដោះស្រាយ។ ការទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋនេះ នឹងធ្វើឡើងនៅអគ្គលេខាធិការដ្ឋាននៃ អ.ជ.ក. (នាយកដ្ឋានទទួលពាក្យបណ្ដឹង និងកិច្ចការទូទៅ) ស្ថិតនៅអគារពហុបំណ ងនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលមានទីតាំងស្ថិតនៅមហាវិថីឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ អជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងចាប់ផ្ដើម ប្រកាសជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ចំនួន ៦០នាក់ ដែលក្នុងនោះ ៣០នាក់ នឹងត្រូវជ្រើសរើសពីក្នុងចំណោមបុគ្គលដែលមាន គុណវុឌ្ឍិ តាមការកំណត់របស់អាជ្ញាធរជាតិ តាមរយៈការប្រឡងប្រជែង និង ៣០នាក់ទៀត នឹងត្រូវជ្រើសរើសដោយពុំឆ្លងកាត់ការប្រឡងប្រជែង ពីក្នុង ចំណោម បុគ្គល ដែលមានគុណវុឌ្ឍិខ្ពស់ ដូចជាអតីតចៅក្រម អតីត ព្រះរាជអាជ្ញា ឥស្សរជន ឬមន្ត្រី សាធារណៈដែលមានបទពិសោធន៍ក្នុងការ ងារដោះស្រាយវិវាទជាដើម។
មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ដែលត្រូវបានជ្រើសរើស នឹងត្រូវទទួលការ បណ្តុះបណ្តាលជំនាញ ស្របតាមព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។
ជាមួយគ្នានេះ កិច្ចប្រជុំលើកទី១ របស់អាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធ តុលាការ បានពិនិត្យ និងសម្រេចអនុម័តយល់ព្រមជាគោលការណ៍លើឯកសារ និងលិខិតបទដ្ឋាន គតិយុត្តសំខាន់ និងចាំបាច់សម្រាប់ការចាប់ផ្តើមនៃកិច្ច ដំណើរការ ការងាររបស់ អ.ជ.ក រួមមាន៖ ទី១-ផែនការការងារ និងផែនកា រហិរញ្ញវត្ថុសម្រាប់កិច្ចដំណើការរបស់ អ.ជ.ក, ទី២-សេចក្តីសម្រេចស្តីពីបែបបទ នីតិវិធី និងគុណវុឌ្ឍសម្រាប់ផ្តល់នីតិសម្បទាជាមន្ត្រី សម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ជ.ក.។
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានកំណត់យកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដើម្បីជួបប្រជុំជាមួយអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នៅកម្ពុជា ក្រោមការសហការពីអង្គការអុកស្វាមប្រចាំកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការ ធ្វើកិច្ច សហការគ្នា សំដៅចូលរួមលើកកម្ពស់យន្តការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ សម្រាប់ជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងបន្តរៀបចំកិច្ចប្រជុំលើកទី២ របស់ខ្លួននៅសប្តាហ៍ក្រោយទៀត ៕
ដោយ ៖ វណ្ណលុក