មេបញ្ជាការសឹករងខេត្តកំពង់ធំ ក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវប្ដេជ្ញាចិត្តដាច់ ខាតការពារឲ្យបាន សុខសន្តិភាព ដែលយើងកំពុងមាន ឱ្យនៅគង់វង្ស ជារៀងរហូត

(កំពង់ធំ)៖ ក្នុងឱកាសប្រារព្ធមីទិ្ទង អបអរសាទរខួបលើកទី ៤៥ឆ្នាំ នៃទិវាជ័យជម្នះ៧ មករា (០៧-០១-១៩៧៩-០៧-០១-២០២៤) នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅវិមានរំលឹកគុណអតីតយុទ្ធជនពលី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅក្នុងសង្កាត់អាចា្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលជាកងកម្លាំងទាំងអស់ ត្រូវប្ដេជ្ញាចិត្តដាច់ខាតការពារឲ្យបាន សុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត និងប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបានជោគជ័យ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអានសន្ទរកថាទាំងស្រុងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី ៤៥ឆ្នាំ នៃទិវាជ័យជម្នះ៧មករា(០៧-០១-១៩៧៩/០៧-០១-២០២៤)កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញ ថា មានថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ។ ថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃមហាជយជម្នះជាប្រវត្តិសាស្រ្តដែលវិរៈកងទ័ពររណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយសម្ដេចមហាធម្មពោធិសាល ជា ស៊ីម សម្ដេចមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបានកាប់សម្លាប់ប្រជាជនកម្ពជាអស់ជាង ៣លាននាក់ យ៉ាងសាហាវឃោរឃៅបំផុត និងបានការពារទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍នេះ វិលត្រឡប់មកសារជាថ្មីវិញបាននៅកម្ពុជា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សង្គ្រាមស៊ីវិលដ៍រ៉ាំរ៉ៃ អស់រយៈពេលជាង ៥០០ឆ្នាំនៅកម្ពុជា ដោយបាននាំមក នូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ និងមានការឯកភាពជាតិ ឯកភាពទឹកដីទឹកដីទាំងស្រុង នៅចុងឆ្នាំ១៩៩៨ ៕

ដោយ ៖ ប៊ុន រដ្ឋា

ads banner