គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រវាយប្រហារហ្វីលីពីន ប៉ុន្តែមិនបង្ករលកយក្សស៊ូណាមិទេ
ម៉ានីល៖ ទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS បានបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃអង្គារនេះ តែភ្លាមៗអាជ្ញាធរក្នុងតំបន់មិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬក៏ការខូចខាតទេ។
ទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS គ្រោះរញ្ជួយដីនេះ មានជម្រៅរញ្ជួយ ៧០គីឡូម៉ែត្រ និងស្ថិតនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគអាគ្នេយ៍ទីក្រុង Sarangani នៃកោះ Mindanao។ គ្រោះរញ្ជួយដីនេះដែរ មិនបានបង្កឱ្យមានការប្រកាសអាសន្នពីរលកស៊ូណាមិទេ នេះបើតាមប្រព័ន្ធព្រមានពីរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិក និងទីភ្នាក់ងាររញ្ជួយដីហ្វីលីពីន។
គ្រោះរញ្ជួយដីតែងតែកើតឡើងជាញឹកញាប់នៅហ្វីលីពីន ជាប្រទេសមានទីតាំងភូមិសាស្ត្រនៅតាមបណ្ដោយខ្សែក្រវ៉ាត់ភ្នំភ្លើងប៉ាស៊ីហ្វិក លាតសន្ធឹងចាប់ពីប្រទេសជប៉ុន កាត់តាមតំបន់អាស៊ីអាគ្នេយ៍ និងនៅទូទាំងអាងប៉ាស៊ីហ្វិកទាំងមូល។
តួយ៉ាង កាលពីខែធ្នូ ឆ្នាំ២០២៣ គ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ ក៏ធ្លាប់វាយប្រហារកោះ Mindanao ផងដែរ នាំឱ្យមានការប្រកាសអាសន្នពីរលកស៊ូណាមិរយៈពេលខ្លី និងបានសម្លាប់មនុស្សយ៉ាងហោច ៣នាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា