ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបទន្ទឹងរង់ចាំដំណើរសម្តេចធិបតី ដែលនឹងអញ្ជើញដល់ប្រទេសបារាំង ចុងសប្តាហ៍នេះ (Video Inside)
ពលរដ្ឋ និងនិស្សិតខ្មែររស់នៅក្នុងបណ្តាប្រទេស នៃទ្វីបអឺរ៉ុប បានបញ្ជាក់ការទន្ទឹងរង់ចាំទទួលជួបស្វាគមន៍សម្តេចធិបតី និងលោកជំទាវ ដែលគ្រោងនឹងអញ្ជើញដល់ប្រទេសបារាំង នាចុងសប្តាហ៍នេះហើយ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ នឹងបំពេញទស្សនកិច្ចជាផ្លូវការ ក្នុងសាធារណរដ្ឋបារាំងតបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង និងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក WEF នៅប្រទេសស្វីស។
ក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសបារាំងរវាងពីថ្ងៃទី១៨ដល់១៩មករា, សម្តេចធិបតី នឹងជួបសវនាការជាមួយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ក្នុងវិមានប្រធានាធិបតី Élysée។
ដោយឡែកកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុងប្រទេសស្វីស រវាងពីថ្ងៃទី១៥ ដល់១៩មករា សម្តេចធិបតីនឹងមានគំរោងជួបជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេសថែមទៀត។
ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសបែលហ្ស៊ីក ដែលទើបវិលត្រឡប់មកពីប្រទេសកម្ពុជា បានថ្លែងថា លោកនឹងក្រុមគ្រួសាររីករាយណាស់ពេលឮដំណឹងថា សម្តេចធិបតីនឹងបំពេញទស្សនកិច្ចក្នុងប្រទេសបារាំង។
ដំណើរគ្រោងបំពេញទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រទេសបារាំងនាពេលខាងមុខនេះ គឺជាដំណើរលើកដំបូង ក្នុងតំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សារលិខិតរបស់ប្រធានាធិបតីបារាំងបានសរសេរបញ្ជាក់ថា ដំណើរទស្សនកិច្ចជាលើកទីមួយ របស់សម្តេចធិបតីក្នុងពេលខាងមុខនេះ «នឹងអនុញ្ញាតឱ្យជំរុញទៅមុខយ៉ាងជាក់ស្តែង នូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្វ្រង់កូហ្វូនី»។