ក្រសួងយុត្តិធម៌ប្រកាសយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ (Video Inside)
ក្រសួងយុត្តិធម៌ បានធ្វើសន្និសីទកាសែតនៅថ្ងៃទី៩មករា ប្រកាសការដាក់ចេញនូវយុទ្ធនាការចំនួន២ ដែលជាចំណុចស្នូលមួយ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
យោងតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលថ្មីអាណ្ណត្តិទី៧ របស់រដ្ឋសភា ក្នុងចំណោមកិច្ចការអាទិភាពចំនួន៥ នៃស្នូលយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាទិភាពទី៤ គឺ «ការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាព នៃច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោតលើការពង្រឹងគោលការណ៍នីតិរដ្ឋ, ការពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និងការពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យយុត្តិធម៌។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី៩មករា បានប្រកាសដាក់អនុវត្តនូវយុទ្ធនាការចំនួន២ ចាប់ពីដើមឆ្នាំ២០២៤នេះទៅ ក្នុងនោះយុទ្ធនាការទី១ គឺ ជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីតាមតុលាការ ចំណែកយុទ្ធនាការទី២ គឺយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ។
ក្រសួងយុត្តិធម៌ក្នុងរយៈពេលប្រមាណ១៤០ថ្ងៃមកនេះ ចាប់តាំងពីមានការបង្កើតរាជរដ្ឋាភិបាលថ្មីអាណ្ណត្តិទី៧ របស់រដ្ឋសភានោះមក បានរៀបចំកិច្ចការនានាជាច្រើន ដើម្បីការកែទម្រង់ ក្នុងប្រព័ន្ធតុលាការផង និងការជម្រុញដោះស្រាយបញ្ហានានាជាច្រើនផង ដើម្បីជំរុញកិច្ចការដោះស្រាយ ដែលបានកកជាប់ស្ទះតាមផ្លូវតុលាការនារយៈពេលកន្លងមក។
ក្នុងរយៈពេលប្រមាណ១៤០ថ្ងៃកន្លងមកនេះផងដែរ, អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីមួយរូប ដែលមានអនុប្រធាន៤រូប និងមានសមាជិក ៧រូប ត្រូវបានគណៈរដ្ឋមន្ត្រីបានអនុម័តទាំងស្រុង។
លោករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងក្នុងសន្និសីទកាសែត បញ្ជាក់ជុំវិញផលប្រយោជន៍ នៃយន្តការការដោះស្រាយវិវាទក្រៅផ្លូវតុលាការ ដែលជាវិធីសម្របសម្រួលមួយ ក្នុងការជួយផ្តល់ហេតុផលឈ្នះឈ្នះទាំងសងខាង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងការបង្កើតអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានថ្លែងផលប្រយោជន៍ នៃអាជ្ញាធរនេះ នឹងជួយដោះស្រាយវិវាទរដ្ឋប្បវេណី, វិវាទពាណិជ្ជកម្ម និងវិវាទដទៃទៀត តាមរយៈការសម្របសម្រួលផ្សះផ្សា ដោយផ្អែកទៅលើកិច្ចព្រមព្រៀងរវាងភាគីពាក់ព័ន្ធ និងតាមការស្នើសុំរបស់ភាគីវិវាទ ដែលយល់ព្រមទទួលយកយន្តការសម្របសម្រួលផ្សះផ្សានោះ។