សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណសាធារណរដ្ឋឆេក ដែលបានលុបចោលបំណុលរបស់កម្ពុជា ដោយបង្វែរទៅជាជំនួយអភិវឌ្ឍន៍

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណសាធារណរដ្ឋឆេក ដែលបានលុប ចោលបំណុលរបស់កម្ពុជា ដោយបង្វែរទៅជាជំនួយអភិវឌ្ឍន៍ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆេក តាមរយៈឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតឆេកប្រចាំនៅកម្ពុជា ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។

ឯកឧត្តម Martin Vávra បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានរំឭកផងដែរអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងវែងឆ្ងាយរាប់ទសវត្សរ៍ រវាងសាធារណរដ្ឋឆេក និងព្រះរាជាណាចក្រកម្ពុជា ជាពិសេសចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម Martin Vávra ដែលទទួលបានការតែងតាំងជា ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆេកប្រចាំកម្ពុជា និងបានផ្តាំផ្ញើនូវការអរគុណផងដែរ ជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឆែក ដែលបានផ្ញើលិខិតអបអរសាទរចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ។

ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋឆេកដែលបានលុប ចោលបំណុលរបស់កម្ពុជា ដោយបង្វែរទៅជាជំនួយអភិវឌ្ឍន៍ និងបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មក ព្រមជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការថ្មីៗរវាងប្រទេសទាំងពីរ នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន, សន្តិសុខអ៉ីនធើណេត និងកសិកម្ម ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner