រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បើកកិច្ចប្រជុំបន្ទាន់ ដើម្បីរកដំណោះស្រាយករណីវិវាទ ស្ថានីយបូមទឹក និងប្រឡាយព្រះគន្លង និងព្រះស្នែង នៅខេត្តកំពង់ធំ

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបន្ទាន់ដើម្បីពិនិត្យ និងពិភាក្សាលើពាក្យស្នើសុំអន្តរាគមន៍ របស់ឈ្មោះ ហង់ សុគន្ធ តំណាងឱ្យឈ្មោះ សុខ មុន្នី និងឈ្មោះ ប៉េង ចន្ធី ដែលបានដាក់មកក្រសួងអធិការកិច្ច កាលពីនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ អំពីការលើកឡើងពីការអស់សិទ្ធិ គ្រប់គ្រង អាស្រ័យ ផល លើស្ថានីយបូមទឹក និងប្រឡាយព្រះគន្លង និងប្រឡាយព្រះស្នែង ស្ថិតនៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ពាក់ព័ន្ធនឹងការទិញផ្តាច់ស្ថានីយបូមទឹកឯកជនចំនួន១៩ស្ថានីយ នៅទូទាំងខេត្តកំពង់ធំ។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងអធិការកិច្ចទទួលបានព័ត៌មានបឋមពីរដ្ឋបាលខេត្តកំពង់ធំថា ប្រឡាយព្រះស្នែង និងព្រះគន្លង ជាទីតាំងកំពុងមានទំនាស់ជាមួយប្រជាកសិករ និងស្ថិតក្នុងដំណាក់កាលអនុវត្តបទបញ្ជា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមរំលឹកដែរថានៅដើមឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានដាក់ចេញ នូវគោលនយោបាយចាត់ចែងទិញផ្តាច់ស្ថានីយបូមទឹកឯកជនចំនួន ១៩ស្ថានីយ នៅទូទាំងខេត្តកំពង់ធំ តាមលិខិតលេខ៧៧ សជណ.ដប ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ្២០២៣ របស់ ទីស្តីការ គណៈរដ្ឋមន្រ្តី ដែលនៅក្នុងនោះ ក៏មានប្រឡាយព្រះគន្លង និងព្រះស្នែងផងដែរ។

ក្រោយពីបានពិនិត្យ ពិភាក្សា និងទទួលបានព័ត៌មានបឋមពីភាគីទាំងសងខាងលើករណីបណ្ដឹងនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានចាត់តាំងគណៈប្រតិភូរបស់ក្រសួងអធិការកិច្ច ដើម្បីចុះអង្កេត សិក្សាស្រាវជ្រាវ និងពិនិត្យ ដល់ទីតាំងជាក់ស្តែងពាក់ព័ន្ធ នឹងការទិញផ្តាច់ ស្ថានីយ បូមទឹកឯកជនចំនួន១៩ ស្ថានីយនៅទូទាំងខេត្តកំពង់ធំ និងករណីទំនាស់នៅទីតាំងប្រឡាយទាំងពីរ ក្នុងគោលបំណងស្វែងរកភាពយុត្តិធម៌ជូនគូភាគី និងដើម្បីផ្តល់ ឱកាសជូនប្រជាកសិករបានទទួលទឹកធ្វើស្រែប្រដេញទឹក ទាន់ពេលវេលា ព្រមទាំងអាចប្រមូលព័ត៌មានលម្អិតដើម្បីជាមូលដ្ឋានរៀបចំរបាយការណ៍គោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា ជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់ ៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner