សម្ដេចពិជ័យសេនា អញ្ជើញអធិបតីពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃជ័យជំនះ ៧មករា១៩៧៩ – ៧មករា ២០២៤ នៅខេត្ដសៀមរាប
(សៀមរាប)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្ស នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃជ័យជំនះ ៧មករា១៩៧៩ – ៧មករា ២០២៤។ អង្គពិធីនេះ ធ្វើឡើងនៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ មន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋប្រមាណជាង៣០០០នាក់។
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធាន គណបក្សប្រជាជនកម្ពុជា បានថ្លែងសុន្ទរកថាសម្ដេចតេជោហ៊ុន សែន ប្រធានក្រុម ឧត្ដមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីរំឭក ខួបលើកទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៤) ផងដែរ។សម្ដេចបានថ្លែងថា ថ្ងៃ ៧ ខែមករា ឆ្នាំ ២០២៤ នេះ ជាថ្ងៃគម្រប់ខួប ៤៥ ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជន កម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឱ្យប្រជាជាតិខ្មែរបានរស់រានមានជីវិតឡើងវិញទាន់ពេល វេលា រួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត។ ជ័យជម្នះ ៧មករា បានដណ្ដើមមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់ បង់ទាំងស្រុងក្នុងរបប ប៉ុល ពត បញ្ចប់សករាជដ៏ខ្មៅ ងងឹតបំផុតរបស់កម្ពុជា និងបើកឡើងនូវសករាជថ្មីគឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
សម្ដេចពិជ័យ បានថ្លែងបន្ដថា បន្ទាប់ពីជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្ស ប្រជាជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែន ជំពូក ប្រកបដោយជោគជ័យក្នុងបុព្វហេតុការពារការរស់ឡើងវិញរបស់ប្រជាជន ស្តារ និងកសាងជាតិឡើងវិញពីគំនរផេះផង់រហូតបានចេញផុត ពីស្ថានភាព ដែលវិនាសខ្ទេចខ្ទី ឈានមកដល់ដំណាក់ កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់ នៃសន្តិភាពប្រកបដោយមោទនភាពជាទីបំផុត។ ការប្រារព្ធខួបទី ៤៥នៃទិវាជាប្រវត្តិ សាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្មដែល របបប្រល័យ ពូជសាសន៍ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងចងចាំ ជានិច្ចនូវគុណូ បការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល វីរយុទ្ធជន យុទ្ធនារីសាមគ្គី សង្គ្រោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀត ណាម ដែលបានប្រយុទ្ធ និងធ្វើ ពលិកម្ម យ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងរាំង ស្កាត់មិនឱ្យរបបនេះអាចត្រឡប់មកវិញបាន។ ព្រមជាមួយនេះ យើងទាំងអស់គ្នា សូមលំឱនកាយ សង្រួមចិត្ត គោរពដល់ដួងវិញ្ញាណក្ខ័ន្ធជនរួមជាតិជាង៣លាននាក់ ដែលបានបាត់បង់ជីវិតទៅយ៉ាងអណោចអធម និង អយុត្តិធម៌បំផុតក្នុងរបបដ៏ ឃោរឃៅនេះ និងសូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខ័ន្ធរបស់លោកអ្នកទាំង អស់បានទៅកាន់សុគតិភពជារៀងរហូត។
សូមបញ្ជាក់ថា ខួបនៃទិវាជ័យជម្នះ ៧មករា នៅឆ្នាំនេះ ប្រារព្ធឡើងក្នុង សភាពការណ៍ ដែលព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលធំៗ ថ្មីទៀតលើគ្រប់វិស័យ បន្ទាប់ពីកម្ពុជាបានយកឈ្នះលើសមរភូមិនៃវិបត្តិជំងឺកូវីដ- ១៩ ដែលបង្កលក្ខណៈឱ្យយើងបានបើកប្រទេសឡើងវិញចាប់ពីចុងឆ្នាំ ២០២១ មក ហើយបាននិងកំពុងបន្ត ដំណើរទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។ ឆ្លៀតឱកាសនោះដែរ គណៈប្រតិភូ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និង កងកម្លាំងដែលមានជម្ងឺ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ដោយបាននាំយកអំណោយមួយ ចំនួនចែកជូនបងប្អូន នៅមន្ទីរពេទ្យបង្អែកខេត្ត និង មន្ទីរពេទ្យយិធភូមិភាគទី៤ ផងដែរ៕
ដោយ ស៊ាន សុផាត